ក្រុមបាល់ទាត់បុរសសាលាអន្តរជាតិ CIA FIRST ក្នុងនាមក្រុមជើងឯក AIA Corporate Cup 2025 បានត្រឡប់មកដល់កម្ពុជាវិញ ជាមួយមោទនភាព និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ក្នុងនាមក្រុមតំណាង AIA ប្រចាំប្រទេសកម្ពុជា ក្រោយបញ្ចប់បេសកកម្មចូលរួមការប្រកួតជើងឯក Grand Finals ឬជុំផ្ដាច់ព្រ័ត្រ ដោយផ្ទាល់នៅកីឡដ្ឋាន Tottenham Hotspur (Spurs) កាលពីថ្មីៗកន្លងទៅ។

ការប្រកួតវគ្គ Grand Finals នេះដែរ គឺមានអ្នកចូលរួមជាង ៧០នាក់ ដែលជាតំណាង អេ អាយ អេ តាមបណ្តាប្រទេសចំនួន ៥ ក្នុងនោះក៏មានក្រុមតំណាងកម្ពុជាផងដែរ ។ ការប្រកួតនេះ បានបង្ហាញពីការងារជាក្រុម ភាពរួសរាយរាក់ទាក់ និងសាមគ្គីភាព ជាមួយបណ្តាជាតិសាសន៍ដទៃ ព្រមទាំងបទពិសោធន៍ នៃការប្រកួតដោយផ្ទាល់លើកដំបូង នៅកីឡដ្ឋាន Spurs ក្រោយបើកសម្ពោធជាផ្លូវការនៅឆ្នាំ២០១៩ សម្រាប់បម្រើឲ្យការប្រកួតលីគ English Premier League។
សម្រាប់ការប្រកួតជើងឯក Grand Finals នេះដែរ អនុវត្តតាមរូបមន្ដម្ខាង ៥នាក់ ស្មើនឹង ២២ប្រកួត ។ ជាលទ្ធផលក្រុម CIA First បានបង្ហាញភាពស្វាហាប់ និងការខិតខំប្រឹងប្រែងជាខ្លាំង រហូតបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែសោកស្ដាយពួកគេបានបរាជ័យ ដោយការទាត់បាល់ប៉េណាល់ទីដ៏តានតឹង ។ តែបែបនេះក្ដីក្រុមទាំងមូល នៅតែចាត់ទុកនេះ គឺជាលទ្ធផលមួយដ៏ល្អ និងជាអនុស្សាវរីយ៍មិនអាចកាត់ថ្លៃបានអស់មួយជីវិតផងដែរ។


លោក Matthew Allen ប្រធានក្រុមបាល់ទាត់តំណាងកម្ពុជាខាងលើ លើកឡើងថា «វាជាកិត្តិយសដ៏ធំធេងក្នុងនាមជាប្រធានក្រុម និងតំណាងឲ្យ អេ អាយ អេ ខេមបូឌា ដែលបានចូលរួមកម្មវិធីដ៏ធំនេះ ពិសេសឱកាសបានប្រកួតផ្ទាល់នៅកីឡដ្ឋាន Spurs និងបានផ្សារភ្ជាប់ចំណងមិត្តភាពជាមួយនឹងក្រុមមកពីបណ្តាប្រទេសផ្សេងៗ ដែលបង្កើតបាននូវអនុស្សាវរីយ៍ដ៏អស្ចារ្យមិនអាចបំភ្លេចបាន។ បាល់ទាត់ លើសពីការចាញ់-ឈ្នះ ប៉ុន្តែវាឆ្លុះបញ្ចាំងអំពីមិត្តភាព ការតស៊ូ ការប្តេជ្ញា និងមោទនភាព»។


សូមរំឮកថា ពានរង្វាន់ AIA Corporate Cup 2025 ត្រូវបានរៀបចំលើកទី២ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ ខណៈជើងឯក គឺបានទៅក្រុម CIA First ដែលនាំឲ្យពួកគេ ក្លាយជាក្រុមតំណាងកម្ពុជា បានទៅចូលរួមព្រឹត្តិការណ៍ Grand Finals 2025 ជាមួយបណ្ដាក្រុមជាច្រើនលើពិភពលោក នៅទីក្រុងឡុងដ៍ កាលពីថ្មីៗកន្លងទៅ ក្រោយការរៀបចំ និងរ៉ាប់រងទាំងស្រុងលើការធ្វើដំណើរបស់ អេ អាយ អេ ខេមបូឌា។
ក្រៅពីការប្រកួតដោយផ្ទាល់នៅកីឡដ្ឋានស្ដង់ដារអន្ដរជាតិនោះ កីឡាករនៃក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជាដដែល ក៏បានថតរូបអនុស្សាវរីយ៍ ភ្ជាប់ជាមួយទង់ជាតិកម្ពុជា ជាមួយកីឡាករល្បីៗរបស់ក្រុម Spurs ដែលទើបគ្រងជើងឯក UEFA Europa League 2024-25 ព្រមទាំងត្រូវបានអញ្ជើញចូលរួមទស្សនាការប្រកួតក្របខណ្ឌ English Premier League ក្នុងទឹកដីរបស់ Spurs ដែលលេងទល់នឹងក្រុម Crystal Palace ជាមួយការបទពិសោធន៍ផ្ទាល់ ក្នុងការបើកឡានប្រណាំង F1 Drive ថែមទៀតផង៕



