ដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងការគាំទ្រពីដៃគូឧបត្ថម្ភ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ ឆ្នាំ ២០២៥ សាជាថ្មី ដោយប្រព្រឹត្តក្រោមប្រធានបទ “រត់ដើម្បីសន្តិភាព និងភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ” “រត់ដើម្បីការពារបេតិកភណ្ឌមនុស្សជាតិ” និង “រត់ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក”។
នេះបើតាមប្រសាសន៍របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្ដមអគ្គលេខាធិការបន្ថែមថា នេះជាស្មារតីស្នេហាជាតិ និងរួបរួមជាតិដើម្បីជួយដល់សមរភូមិមុខ និងអ្នកភៀសសឹកទាំងសម្ភារៈ និង ថវិកា ព្រោះទុក្ខលំបាករបស់ជាតិ គឺទុក្ខលំបាករបស់ប្រជាជនគ្រប់រូប។ នេះក៏ជាសារដើម្បីបង្ហាញបរទេសបានដឹង និងបានឃើញពីការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌរបស់មនុស្សជាតិ ហើយក៏ជារូបភាពមួយ ដែលផ្សព្វផ្សាយទៅកាន់ពិភពលោក ដើម្បីអន្តរជាតិ មើលឃើញថា កម្ពុជា ជាប្រទេសដែលត្រូវការសន្តិភាព ។
ជាក់ស្តែង ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ដែរថា ថវិកាទទួលបានពីព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ ក្រៅតែពីរួមចំណែកជួយដល់កម្មវិធីសប្បុរសធម៌ និង មន្ទីរពេទ្យកុមារនានា គណៈកម្មការរៀបចំក៏នឹងចូលរួមជួយដល់វីរកងទ័ពជួរមុខ និង ពលរដ្ឋភៀសសឹកផងដែរ។ ដូច្នេះឯកឧត្តមបានជំរុញអ្នករត់ចូលរួមឱ្យបានផុសផុលមានទាំងការស្រែកនូវប្រធានបទសំខាន់ទាំង៣ ហើយគណៈកម្មការនឹងត្រៀមរៀបចំទង់ជាតិ និងបដា ជាហូរហែដើម្បីបង្ហាញទៅដល់ស្មារតីជាតិ និងអន្តរជាតិ ក្នុងន័យលើកស្ទួយដល់ស្មារតីជាតិនិយមទាំងអស់គ្នា។
សម្រាប់កាលបរិច្ឆេទថ្មីនៃការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ហើយគណៈកម្មការរៀបចំក៏បើកចំហរដល់មហាជន និង សិស្ស និស្សិតដែលចង់ចូលរួមអាចចុះឈ្មោះថែមទៀត។ អ្នកចូលរួមសរុបអាចមិនតិចជាង៤០០០នាក់ឡើយ។ ដូច្នេះនឹងមានការរៀបចំយ៉ាងល្អ និងប្រកបដោយសុវត្ថិភាព៕