ក្រុមបាល់ទាត់ឡាយអិនឃីងមានគម្រោងស្នើរថយន្ដក្រុងក្នុងខេត្តសៀមរាបចំនួន១០គ្រឿងដើម្បីដឹកអ្នកគាំទ្រខ្លួនទៅលើកទឹកចិត្តពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត តទល់ក្រុមខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែធ្នូ ខាងមុខ។ នេះបើតាមការថ្លែងពីលោក សុង ម៉េងលាង អ្នកចាត់ការទូទៅក្រុមបាល់ទាត់ឡាយអិនឃីង។
ថ្នាក់ដឹកនាំដដែលរំពឹងថា យ៉ាងហោចណាស់ក៏មានអ្នកគាំទ្រចាប់ពី៥០០នាក់ឡើងទៅដែរពីខេត្តសៀមរាបដែលនឹងធ្វើដំណើរទៅលើកទឹកចិត្តក្រុមដោយផ្ទាល់នៅទីលាន។
ទាក់ទងទៅនឹងការឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តជាលើកដំបូងនេះដែរ លោក សុងម៉េងលាង ថា ជាការសម្រេចបានគោលដៅដោយជោគជ័យ និងតាមផែនការ។
ក្រុមបាល់ទាត់ឡាយអិនឃីងខេត្តសៀមរាបបានទម្លាក់ក្រុមភ្នំពេញហ្គាឡាក់ស៊ី ដោយលទ្ធផលសរុប៣ទល់នឹង២ និងក្រុមខេត្តកំពង់ចាម បានឈ្នះក្រុមខេត្តត្បូងឃ្មុំ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ បន្ទាប់ពីស្មើគ្នា១ទល់នឹង១ សរុបទាំង២ជើង៕
