ខ្សែប្រយុទ្ធជើងចាស់បារាំង Olivier Giroud រកបាន៤គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ៤-០របស់ Chelsea នៅទឹកដី Sevilla យប់ថ្ងៃពុធទី២ខែធ្នូឆ្នាំ២០២០ ធានាបានលេខ១សម្រាប់ក្រុមលោក Frank Lampard ក្នុងពូល E ពាន UEFA Champions League។
គ្រាប់ទាំង៤របស់ Giroud កើតឡើងក្នុងនាទីទី៨, ៥៤, ៧៤ និង៨៣ ដែលគ្រាប់ចុងក្រោយជាការស៊ុតបាល់ពិន័យ១១ម៉ែត្រ។ ការណ៍នេះធ្វើឱ្យ Giroud (៣៤ឆ្នាំនិង៦៣ថ្ងៃ) ក្លាយជាកីឡាករចាស់បំផុតដែលរកបានហ៊ែតទ្រីកក្នុងពាន Champions League/European Cup តាំងពីលោក Ferenc Puskas រកបានសម្រាប់ Real Madrid ទល់ Feyenoord ក្នុងខែកញ្ញាឆ្នាំ១៩៦៥ ក្នុងវ័យ៣៨ឆ្នាំនិង១៧៣ថ្ងៃ។ បន្ថែមលើនេះ Giroud ក៏ក្លាយជាកីឡាករទី២ដែលរកបានហ៊ែតទ្រីកក្នុងពាន Champions League សម្រាប់ក្លិបអង់គ្លេស២ផ្សេងគ្នា (Arsenal & Chelsea) បន្ទាប់ពី Michael Owen (រកបានសម្រាប់ Liverpool & Man Utd)។
លើសពីនេះ Giroud ក៏ជាកីឡាករ Chelsea ទី១ដែលរកបាន៤គ្រាប់ក្នុងមួយប្រកួត តាំងពីខែមីនាឆ្នាំ២០១០មក ដែលកាលណោះ លោក Lampard រកបាន៤គ្រាប់ទល់ Aston Villa។
សូមជម្រាបថា មុនបរាជ័យយប់មិញ ក្រុម Sevilla លេងមិនចាញ់ក្នុងផ្ទះខ្លួនឯង១៤ប្រកួតជាប់គ្នាក្នុងពានទ្វីបអឺរ៉ុប។
លោក Lampard បានផ្លាស់ប្ដូរ៩នាក់ក្នុងជម្រើស១១នាក់ដំបូងរបស់ Chelsea ក្រោយស្មើ០-០ជាមួយ Spurs ថ្ងៃអាទិត្យកន្លងទៅ។ Kai Havertz និង Christian Pulisic ចាប់ផ្ដើមការប្រកួតជាលើកដំបូងតាំងពីខែតុលា ក្រោយមានជំងឺនិងរបួស ខណៈខ្សែបម្រើវ័យ១៩ឆ្នាំ Billy Gilmour បានប្ដូរចូលដើម្បីបង្ហាញខ្លួនលើកដំបូងក្នុងរដូវកាលថ្មីនេះ។
ការប្រកួតបន្ទាប់របស់ Chelsea គឺនៅ Stamford Bridge ដោយពួកគេនឹងទទួល Leeds ក្នុង Premier League ថ្ងៃសៅរខាងមុខនេះ មុនពេលទទួល Krasnodar ក្នុង UCL ថ្ងៃអង្គារក្រោយ។
ចំណែក Sevilla វិញ នឹងលេងទល់ Real Madrid ក្នុង La Liga ចុងសប្ដាហ៍នេះ មុនបញ្ចប់ពូល UCL នៅផ្ទះ Rennes៕