មូលហេតុ Forbes ជ្រើសរើសម៉ារ៉ាតុងចក្រភពអង្គរក្នុងគោលដៅម៉ារ៉ាតុងធំៗចំនួន១២លើលោកប្រចាំឆ្នាំ ២០២៦

1 នាទីអាន

កាលពីដើមឆ្នាំ ២០២៦ ទស្សនាវដ្ដី Forbes ដ៏ល្បីរបស់សហរដ្ឋអាមេរិក បានជ្រើសទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ របស់ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងចំណោមព្រឹត្តិការណ៍ម៉ារ៉ាតុងដ៏អស្ចារ្យចំនួន១០លើលោកប្រចាំ ឆ្នាំ ២០២៦។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាន៍ថា កត្តាសំខាន់ៗដែល Forbes ជ្រើសរើសបែបនេះ ព្រោះម៉ារ៉ាតុងចក្រភពអង្គរ មានភាពប្លែក និងទាក់ទាញខ្លាំង ដោយសារតែអ្នកចូលរួមត្រូវរត់កាត់តំបន់ប្រសាទដ៏ស្រស់ស្អាតរាប់សិបរបស់ខ្មែរ និងឆ្លងកាត់ព្រៃព្រឹក្សា ក៏ដូចជាកាត់តាមគេហដ្ឋានអ្នកស្រុកយ៉ាងច្រើនទៀត។ ដូច្នេះនេះជាការទាក់ទាញយ៉ាងខ្លាំងសម្រាប់ទេសចរណ៍។

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ ២០២៦។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា គិតមកទល់ពេលនេះមានអ្នកចុះឈ្នោះជិត៥០០០នាក់ហើយ ខណៈគណៈកម្មការរៀបចំសង្ឃឹមថា នៅថ្ងៃប្រកួតជាក់ស្ដែងនឹងមានអ្នកចូលរួមពីចន្លោះ៥០០០ទៅ៦០០០នាក់ និងសង្ឃឹមឈានទៅដល់ខ្ទង់ម៉ឺននាក់ក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ។

ទន្ទឹមនឹងនេះ អ្នកចូលរួមជាជនបរទេសមានចំនួនប្រមាណ៥០០នាក់ មកពី៤៨ប្រទេស ដែលក្នុងនោះអ្នករត់មកពីប្រទេសចិន មានខ្ទង់២០០នាក់។

ជុំវិញកំណើននេះដែរ ឯកឧត្ដម វ៉ាត់ ចំរើន សង្ឃឹមថា នឹងបានរួមចំណែកខ្លាំងដល់ទេសចរណ៍នៅតំបន់អង្គរ ពិសេសអំឡុងរដូវបៃតង (Green Season) និងសេដ្ឋកិច្ចក្នុងខេត្តសៀមរាប។ មិនតែប៉ុណ្ណោះ ថវិកាពីអ្នកចូលរួមចុះឈ្មោះនឹងត្រូវបង្វែរជួយដល់សកម្មភាពមនុស្សធម៌ ដូចជាមន្ទីរពេទ្យកុមារគន្ធបុប្ផា និងអង្គការផ្សេងៗទៀត។

លោក សែម ផល្លា នាយកប្រតិបត្តិម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ថា វិញ្ញាសាទាំងអស់មាន ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ។ អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍ដ៏ធំ និងអស្ចារ្យ ដែលអ្នកចូលរួមអាចរត់កាត់ប្រាសាទដ៏ស្រស់ស្អាតយ៉ាងច្រើននៅកម្ពុជា។ ជាមួយគ្នានេះកំណើនដ៏ច្រើនក្នុងឆ្នាំ២០២៦នេះ គឺជាការកើនឡើងច្រើនសាជាថ្មី បើធៀបទៅនឹងចំនួនអ្នកចូលរួមមុនការផ្ទុះកូវីដ១៩៕