កំពូលតារាស្រីដែលមានអ្នកតាមដានជាង ៥៤ លាននាក់ ប្រកាសចែកផ្លូវជាមួយ Vinicius Jr មុនព្រឹត្តិការណ៍ World Cup

ការប្រកាសដ៏រញ្ជួយពីតារាស្រីដែលមានអ្នកតាមដាន ៥៤.៨ លាននាក់! បង្ហើបមូលហេតុបែកបាក់៖ "ទំនាក់ទំនងជាមួយ Vinicius លែងមានអត្ថន័យទៀតហើយ" → ការចែកផ្លូវគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលមុនព្រឹត្តិការណ៍ World Cup។

1 នាទីអាន

តារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Vinicius Junior វ័យ ២៤ ឆ្នាំ កំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរទាំងក្នុង និងក្រៅទីលាន។ ខណៈដែលការចរចាបន្តកិច្ចសន្យាថ្មីមិនទាន់មានវឌ្ឍនភាព ហើយថែមទាំងរងការស្រែកបន្ទោសពីសំណាក់អ្នកគាំទ្រក្នុងដីខ្លួនឯងផងនោះ ពេលនេះព័ត៌មាននៃការបែកបាក់ជាមួយមិត្តស្រីដែលមើលចិត្តគ្នាមកជាយូរ ក៏បានផ្ទុះឡើងកាន់តែខ្លាំង។

កញ្ញា Virginia Fonseca ដែលជាអ្នកបង្កើតមាតិកាដ៏ល្បីល្បាញ និងជាពិធីការិនីទូរទស្សន៍ជនជាតិប្រេស៊ីល ដែលមានអ្នកតាមដានរហូតដល់ ៥៤.៨ លាននាក់ បានចេញសេចក្តីថ្លែងការណ៍ផ្លូវការដោយផ្ទាល់នៅលើបណ្តាញសង្គមរបស់នាងកាលពីថ្ងៃទី ១៦ ដោយប្រកាសពីការបញ្ចប់ទំនាក់ទំនងស្នេហាជាមួយ Vinicius។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ Fonseca បានលើកឡើងថា នាងបានសម្រេចចិត្តថាវាជាការប្រសើរក្នុងការបញ្ចប់រឿងគ្រប់យ៉ាងដោយភាពចាស់ទុំសម្រាប់អ្នកទាំងពីរ ជាជាងការបង្ខំចិត្តបន្តទំនាក់ទំនងដែលលែងមានន័យអ្វីទាំងអស់។ នាងបានបន្ថែមថា ចាប់ពីថ្ងៃនេះតទៅ អ្នកទាំងពីរបានសម្រេចចិត្តគោរពផ្លូវជីវិត និងការរស់នៅរៀងៗខ្លួន។

តារាស្រីដែលមានឥទ្ធិពលរូបនេះបានសង្កត់ធ្ងន់ទៀតថា នាងបានរស់នៅក្នុងជីវិតដោយប្រកាន់ខ្ជាប់នូវការផ្ដល់តម្លៃ និងការគោរពដែលនាងតែងតែទទួលបានក្នុងនាមជាស្ត្រីនៅក្នុងរាល់ទំនាក់ទំនង។ នាងបានរៀនសូត្រថាមិនត្រូវសម្របសម្រួលលើតម្លៃណាដែលមិនអាចចរចាបានឡើយ ដែលនេះហាក់ដូចជាការបង្ហាញឱ្យឃើញថា បញ្ហាទំនុកចិត្ត និងការគោរពគ្នាគឺជាចំណុចស្នូលនៃដំណើរការបែកបាក់នាពេលនេះ។

តាមពិតទៅ អ្នកទាំងពីរធ្លាប់បានឆ្លងកាត់ជម្លោះដ៏ធំមួយរួចមកហើយពាក់ព័ន្ធនឹងបញ្ហាជីវិតឯកជនរបស់ Vinicius។ កាលពីពេលនោះ មានភាពចម្រូងចម្រាសបានផ្ទុះឡើង នៅពេលដែលមានភស្តុតាងបង្ហាញថា Vinicius បានផ្ញើសារឆ្លើយឆ្លងជាមួយម៉ូដែលស្រីៗជាច្រើននៅលើបណ្តាញសង្គម ដែលធ្វើឱ្យ Fonseca ចេញមុខបញ្ជាក់ពីការខកចិត្តរបស់នាងជាសាធារណៈ។ បន្ទាប់មក Vinicius ក៏បានចេញមុខសុំទោសដោយផ្ទាល់ ដោយរូបគេមានអារម្មណ៍ខ្មាសអៀនដែលទង្វើខ្វះការពិចារណារបស់គេ បានធ្វើឱ្យនាងឈឺចាប់ និងខកចិត្ត។ ទោះបីជាអ្នកទាំងពីរព្យាយាមផ្សះផ្សាមួយរយៈក៏ដោយ ប៉ុន្តែចុងក្រោយពួកគេនៅតែចែកផ្លូវគ្នាដាច់ខាតតែម្តង។

មូលហេតុដែលធ្វើឱ្យការបែកបាក់នេះកាន់តែមានភាពឈឺចាប់សម្រាប់ Vinicius គឺដោយសារតែពេលវេលានៃការប្រកាសនេះ កើតឡើងចំពេលដែលមានភាពចៃដន្យបំផុត។ ត្រឹមតែមួយថ្ងៃមុនការប្រកាស Fonseca នៅតែត្រូវបានគេឃើញចូលរួមគាំទ្រ Vinicius ផ្ទាល់ពីកៅអី VIP ក្នុងកីឡដ្ឋាន Santiago Bernabeu ក្នុងការប្រកួតរវាង Real Madrid ជាមួយនិង Real Oviedo។ ប៉ុន្តែជារឿងអកុសល ក្នុងអំឡុងការប្រកួតនោះ Vinicius បែរជារងការស្រែកបន្ទោសយ៉ាងខ្លាំងពីអ្នកគាំទ្រខ្លួនឯង ចំពោះទម្រង់លេងមិនសូវល្អ និងអាកប្បកិរិយាមិនសមរម្យលើទីលាន។

ស្ថានភាពនេះឆ្លុះបញ្ចាំងឱ្យឃើញថា ការគាំទ្ររបស់មហាជនចំពោះ Vinicius លែងរឹងមាំដូចមុនទៀតហើយ។ ជាមួយនឹងទម្រង់លេងមិនទៀងទាត់ ការលេងតាមអារម្មណ៍ និងរឿងអាស្រូវក្រៅទីលានដែលកើតឡើងដដែលៗ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនចាប់ផ្តើមអស់ការអត់ធ្មត់ និងបង្ហាញការមិនពេញចិត្តកាន់តែខ្លាំង។

នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សូម្បីតែមិត្តស្រីដែលជាបង្អែកផ្លូវចិត្តដ៏រឹងមាំបំផុតក៏បានដើរចេញទៀតនោះ គេរំពឹងថា Vinicius នឹងរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង។ លើសពីនេះ មានការព្រួយបារម្ភថា ប្រសិនបើបញ្ហានេះប៉ះពាល់ដល់ទម្រង់លេងក្នុងព្រឹត្តិការណ៍ World Cup ដែលនៅសល់តែជាងមួយខែទៀតនោះ ក្រុមជម្រើសជាតិប្រេស៊ីលក៏នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។

អនាគតរបស់គេក្នុងវិស័យបាល់ទាត់ក៏នៅតែស្ថិតក្នុងភាពស្រពិចស្រពិល។ ទោះបីជាបច្ចុប្បន្ន Vinicius មានកិច្ចសន្យាជាមួយ Real Madrid រហូតដល់រដូវក្តៅឆ្នាំ ២០២៧ ក៏ដោយ ប៉ុន្តែការចរចាបន្តកិច្ចសន្យាថ្មីជាមួយក្លិបហាក់មិនទាន់មានពន្លឺឡើយ។ ខណៈពេលនេះ មានសេចក្តីរាយការណ៍ថា ក្លិបធំៗនៅអឺរ៉ុប រួមទាំង Manchester City កំពុងតាមដានស្ថានភាពរបស់គេយ៉ាងដិតដល់ ដើម្បីឆ្លៀតឱកាសនេះ។ ក្លិប Real Madrid ត្រូវបានគេដឹងថា កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ប្រសិនបើ Vinicius មិនព្រមចុះកិច្ចសន្យាថ្មីមុនពេលផុតកំណត់ ពួកគេអាចនឹងខកខានក្នុងការទទួលបានចំណូលដ៏មហាសាលពីតម្លៃខ្លួនផ្ទេរចេញរបស់កីឡាកររូបនេះ។

បើទោះបីជា Vinicius បានបង្ហាញសមត្ថភាពជាខ្សែស្លាបដ៏ឆ្នើមម្នាក់លើពិភពលោក តាមរយៈស្ថិតិស៊ុតបញ្ចូលទី ២២ គ្រាប់ និងបញ្ជូនបាល់ ១១ ដងក្នុងរដូវកាលនេះក៏ដោយ ប៉ុន្តែរូបគេកំពុងតែផ្ទុកនូវភារកិច្ចដ៏ធ្ងន់ធ្ងរ ក្នុងការជម្នះទាំងភាពរង្គោះរង្គើនៃប្រជាប្រិយភាពក្នុងចំណោមអ្នកគាំទ្រ និងវិបត្តិផ្លូវចិត្តនៃការបែកបាក់ស្នេហា ក្នុងពេលតែមួយ។