យុវជនជាង ៥០០នាក់ ចូលរួមប្រកួតពានរង្វាន់បាល់ទាត់កុមារនិងយុវជន ដើម្បីពង្រឹងគ្រឹះកីឡាពីកម្រិតសាលារៀន

1 នាទីអាន

ភ្នំពេញ៖ ការបណ្តុះធនធានកីឡាករពីកម្រិតយុវជន និងកុមារ (Grassroots Football) នៅតែជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការស្វែងរកគ្រាប់ពូជជម្រើសជាតិសម្រាប់ថ្ងៃអនាគត។ ជាក់ស្តែង ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ នៅទីលាន Down Town Sport ទួលពង្រ។

ការប្រកួតនេះមានការចូលរួមយ៉ាងកុះករពីក្រុមកីឡាបាល់ទាត់យុវជនចំនួន ៣៨ ក្រុម មកពី ១២ ស្ថាប័នអប់រំផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ ដែលមានកីឡាករ-កីឡាការិនីសរុបប្រមាណជាង ៥០០ នាក់។

ដើម្បីឱ្យការវាស់ស្ទង់សមត្ថភាព និងការអភិវឌ្ឍបច្ចេកទេសរបស់កុមារស្របទៅតាមស្តង់ដារកីឡា គណៈកម្មការរៀបចំបានបែងចែកការប្រកួតជា ៦ វិញ្ញាសា ចាប់ពីកម្រិតកុមារតូចរហូតដល់យុវជនជិតឈានចូលអាជីព៖

 * វិញ្ញាសាចម្រុះ (Mixed): កុមារអាយុក្រោម ១២ ឆ្នាំ (U12)

 * ផ្នែកបុរស (Boys): យុវជនអាយុក្រោម ១៥ ឆ្នាំ (U15), ១៧ ឆ្នាំ (U17) និង ១៩ ឆ្នាំ (U19)

 * ផ្នែកនារី (Girls): យុវនារីអាយុក្រោម ១៧ ឆ្នាំ (U17) និង ១៩ ឆ្នាំ (U19)

ការបើកឱកាសឱ្យមានការប្រកួតទាំងផ្នែកបុរស និងនារី ចាប់ពីអាយុក្រោម ១២ឆ្នាំ ដល់ ១៩ឆ្នាំ បែបនេះ ត្រូវបានអ្នកជំនាញកីឡាមើលឃើញថា ជាទម្រង់នៃការអភិវឌ្ឍកីឡាដ៏ត្រឹមត្រូវ ដែលជួយឱ្យក្មេងៗមាន «ម៉ោងប្រកួតនៅលើទីលាន (Match Time)» ច្រើន ដែលជាអ្វីដែលកីឡាជាតិកំពុងត្រូវការដើម្បីពង្រឹងសមត្ថភាពយុវជន។

តំណាងគណៈកម្មការរៀបចំការប្រកួត លោក Codi Meyers បានគូសបញ្ជាក់ថា គោលបំណងធំនៃការប្រមូលផ្តុំយុវជនជាង ៥០០នាក់ មកប្រកួតគ្នានេះ គឺចង់បណ្តុះស្មារតីជាអ្នកកីឡាពិតប្រាកដតាំងពីក្មេង៖ «ការប្រកួតនេះមិនមែនផ្តោតលើតែការឈ្នះចាញ់ ឬការលេងបាល់ទាត់ធម្មតានោះទេ ប៉ុន្តែវាជាការកសាងស្មារតីក្រុម ភាពជាអ្នកដឹកនាំ និងការចេះគោរពគ្នាទៅវិញទៅមកលើទីលាន។ វិន័យទាំងនេះជាគ្រឹះដ៏សំខាន់ ប្រសិនបើពួកគេចង់អភិវឌ្ឍខ្លួនទៅជាកីឡាករអាជីព តំណាងឱ្យក្លឹបធំៗ ឬក្រុមជម្រើសជាតិទៅថ្ងៃមុខ។»

ក្រោយការប្រកួត ពេញមួយថ្ងៃ គណៈកម្មការបានរកឃើញក្រុមជ័យលាភីលើវិញ្ញាសានីមួយៗ និងបានប្រគល់ពានរង្វាន់លើកទឹកចិត្ត ដើម្បីជាការជម្រុញស្មារតីដល់ពួកគេក្នុងការបន្តហ្វឹកហាត់បន្ថែមទៀត។

ការកើនឡើងនៃពានរង្វាន់កម្រិតសាលារៀន និងការចូលរួមយ៉ាងសកម្មពីបណ្តាស្ថាប័នអប់រំនានា គឺជាសញ្ញាវិជ្ជមានមួយក្នុងការជួយជ្រោមជ្រែង និងរុញច្រានវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែមានមូលដ្ឋានគ្រឹះរឹងមាំពីកម្រិតយុវជនទៅ៕