Bruno អាចនឹងលេចមុខក្នុងជម្រើសដំបូងរបស់ Man Utd វិញ ក្រោយដោះស្រាយបញ្ហាជាមួយ Carrick

1 នាទីអាន

ប្រធានក្រុម Bruno Fernandes ត្រូវបាន រំពឹងថានឹងមានឈ្មោះក្នុងជម្រើស ១១ នាក់ដំបូងឡើងវិញសម្រាប់ក្រុម Manchester United ក្នុងជំនួប Premier League ទល់នឹង Chelsea នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បន្ទាប់ពីររូបលោកបានជជែកដោះស្រាយភាពមិនយល់ស្របគ្នាជាមួយអ្នកចាត់ការបណ្តោះអាសន្ន Michael Carrick។

ខ្សែបម្រើព័រទុយហ្គាល់រូបនេះ អង្គុយបម្រុងមិនបានចូលលេងទាល់តែសោះ ក្នុងប្រកួតបរាជ័យ ៣-០ ក្រោមថ្វីជើងក្រុម Bournemouth នៅ Old Trafford កាលពីចុងសប្តាហ៍មុន។ ការសម្រេចចិត្តដង Bruno ចេញពីជម្រើសដំបូងរបស់លោក Carrick បានកើតឡើងបន្ទាប់ពីប្រធានក្រុមរូបនេះបានរិះគន់លើរបៀបលេង និងយុទ្ធសាស្ត្រគ្រូបង្វឹកបិសាចក្រហម ក្រោយពេល Man United បរាជ័យក្នុងពានរង្វាន់ UEFA Champions League ទល់ Como។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការប្រកួតនោះ លោក Carrick បានពន្យល់ជាសាធារណៈថា ការសម្រេចចិត្តមិនឲ្យ Bruno លេង គឺដោយសារ «ហេតុផលបច្ចេកទេស និងបាល់ទាត់សុទ្ធសាធ»។

ស្ថានភាពតានតឹងរវាងគ្រូបង្វឹក និងប្រធានក្រុមបានថយចុះ បន្ទាប់ពីមានកិច្ចពិភាក្សាដោយផ្ទាល់ និងបើកចំហរវាង Carrick និង Fernandes នៅមជ្ឈមណ្ឌលហ្វឹកហាត់ Carrington កាលពីថ្ងៃពុធ កន្លងទៅ។ ក្រោយជំនួបនោះ Fernandes ត្រូវ បានគេមើលឃើញថាមានឱកាសខ្ពស់ក្នុងការត្រឡប់មកកាន់ជម្រើសដំបូងវិញ សម្រាប់ជំនួបសំខាន់ដែល Man UTD ត្រូវធ្វើដំណើរទៅប្រកួតជាមួយ Chelsea នៅកីឡដ្ឋាន Stamford Bridge នាថ្ងៃសៅរ៍ ទី៣១ ខែតុលានេះ។

លោក Michael Carrick នឹងនៅតែបន្តដឹកនាំក្រុមសម្រាប់ប្រកួតនេះ ដ្បិតរូបលោកកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងជុំវិញអនាគតរបស់ខ្លួនក៏ដោយ។ ថ្នាក់ដឹកនាំក្លឹប Man United បានសម្រេចផ្តល់ពេលវេលាបន្ថែមទៀតឲ្យអតីតខ្សែបម្រើរូបនេះ ដើម្បីស្រោចស្រង់ស្ថានភាពក្រុមឱ្យប្រសើរឡើងវិញ។ បច្ចុប្បន្ន Manchester United មិនទាន់ស្គាល់ជ័យជម្នះទាល់តែសោះក្នុង ៨ ប្រកួតចុងក្រោយ គ្រប់ពានរង្វាន់ទាំងអស់ ហើយបរាជ័យទល់ Bournemouth បានទម្លាក់ពួកគេទៅឈរនៅលេខរៀងទី ១៦ ក្នុងតារាង Premier League ដោយមានគម្លាតតែ ១ ពិន្ទុប៉ុណ្ណោះពីតំបន់ត្រូវកាត់ចេញពីលីគ។ ជ័យជម្នះចុងក្រោយបង្អស់របស់ពួកគេ គឺក្នុងប្រកួតទល់ Sabah ក្នុង Champions League កាលពីខែមុន ខណៈជ័យជម្នះចុងក្រោយនៅ Premier League គឺតាំងពីថ្ងៃទី ៣០ ខែសីហា ពេលយកឈ្នះ Ipswich Town ៥-២។