កីឡាករជប៉ុន Taisei Marukawa ជិតក្លាយជាសមាជិកជម្រើសជាតិឥណ្ឌូណេស៊ី ក្រោយរៀបចំឯកសារស្នើសុំសញ្ជាតិរួចរាល់

0 នាទីអាន

កីឡាករបម្រើប្រយុទ្ធឆ្នើម Taisei Marukawa ដែលបច្ចុប្បន្នជាសមាជិកក្លឹប Dewa United ត្រូវបានរំពឹងថា​នឹងក្លាយជាសមាជិកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ខណៈឯកសារចាំបាច់ទាំងអស់ របស់កីឡាករដើមកំណើតជប៉ុនរូបនេះ ត្រូវបានដាក់រួចរាល់អស់ហើយ ដោយបច្ចុប្បន្នគ្រាន់តែរង់ចាំការសម្រេចចិត្ត និងជំហានអនុម័តបន្តបន្ទាប់ប៉ុណ្ណោះ ហើយគេក៏ត្រូវបានកោះហៅចូលរួមហ្វឹកហាត់ជាមួយក្រុមដឹកនាំដោយលោក John Herdman នៅកោះបាលីផងដែរ។

ទោះបីជាមិនបានបង្ហាញព័ត៌មានលម្អិតជុំវិញដំណើរការរដ្ឋបាលដែលខ្លួនកំពុងអនុវត្តក៏ដោយ តែម្ចាស់អាវលេខ ១១ របស់ Dewa រូបនេះ បានធានាថា គ្រប់ដំណាក់កាលនៃការចូលសញ្ជាតិ កំពុងដំណើរការទៅដោយរលូនហើយ។

ភ្ជាប់ទៅនឹងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី កីឡាករវ័យ២៩ឆ្នាំ បានប្រាប់អ្នកសារព័ត៌មាននៅឯកីឡដ្ឋាន Dewa United Arena ក្នុងទីក្រុង Tangerang ថា៖ «ខ្ញុំមិនអាចពន្យល់លម្អិតអំពីដំណើរការនេះបានទេ ប៉ុន្តែខ្ញុំបានដាក់ស្នើឯកសារដែលចាំបាច់រួចរាល់ហើយ ហើយបច្ចុប្បន្នកំពុងរង់ចាំការយល់ព្រមបន្ត»។

ការសម្រេចចិត្តដ៏ធំមួយនេះ ធ្វើឡើងបន្ទាប់ពីគេ បានចំណាយពេលប្រកបអាជីពបាល់ទាត់នៅលើទឹកដីឥណ្ឌូនេស៊ីអស់រយៈពេល ៥ ឆ្នាំពេញ។ ក្នុងរយៈពេលកន្លះទសវត្សរ៍ គេហាក់សម្របបានប្រសើរទៅនឹងការរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ជាពិសេសដោយសារតែភាពរួសរាយរាក់ទាក់ និងទឹកចិត្តដ៏ល្អរបស់ប្រជាជនទីនោះ។

«ខ្ញុំបានរស់នៅប្រទេសឥណ្ឌូនេស៊ីរយៈពេល ៥ ឆ្នាំមកហើយ ហើយពិតជាស្រលាញ់ប្រទេសនេះខ្លាំងណាស់។ មនុស្សគ្រប់គ្នានៅទីនេះរាក់ទាក់ខ្លាំងណាស់ ហើយការចំណាយពេលរស់នៅទីនេះ ធ្វើឱ្យខ្ញុំមានក្តីសុខបំផុត» នេះបើតាមការលើកឡើងរបស់ Taisei Marukawa។

ប្រសិនបើដំណើរការនៃការចូលសញ្ជាតិនេះទទួលបានជោគជ័យ និងរួចរាល់ជាស្ថាពរ Taisei នឹងក្លាយជាកម្លាំងសំខាន់បន្ថែមទៀតសម្រាប់ក្រុមឥណ្ឌូណេស៊ី ដែលសម្បូរទៅដោយ កីឡាករចូលសញ្ជាតិ និង កីឡាករកូនកាត់ដែលមានស្រាប់៕