ក្លិបបាល់ទាត់ FC Barcelona បានប្រកាសដាក់ចេញនូវគម្រោងតម្កល់ធាតុអ្នកគាំទ្រដែលបានចែកឋានទៅនៅកីឡដ្ឋាន Camp Nou ដែលឱ្យឈ្មោះថា «Memorial FC Barcelona»។ គម្រោងនេះស្ថាបនាឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យអ្នកគាំទ្រស្មោះស្ម័គ្រ អាចបញ្ចុះធាតុ ឬរក្សាធាតុរបស់ខ្លួននៅខាងក្នុងកីឡដ្ឋានរបស់ក្លិបផ្ទាល់តែម្តង ដើម្បីជានិមិត្តរូបនៃក្តីស្រឡាញ់ និងការផ្សារភ្ជាប់ជាមួយក្លិបជារៀងរហូត។
យោងតាមការរៀបចំ គម្រោងនេះនឹងបង្កើតជាកន្លែងតម្កល់ធាតុដ៏ទំនើបមួយនៅខាងក្នុងកីឡដ្ឋាន ដែលមានចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីលានប្រកួត។ តំបន់រំលឹកគុណ និងអាឡោះអាឡោះនេះ មានទំហំសរុបប្រមាណ ១ ៥០០ ម៉ែត្រការ៉េ ដោយមានគំនូរជញ្ជាំង (Murals) ប្រព័ន្ធតាំងបង្ហាញទស្សនីយភាព-សំឡេង (Audiovisual displays) ព្រមទាំងការរំលឹកឡើងវិញនូវព្រឹត្តិការណ៍ និងប្រវត្តិសាស្ត្រសំខាន់ៗដែលមិនអាចបំភ្លេចបានរបស់ Barça។ កន្លែងតម្កល់ធាតុដ៏ធំមួយនេះ ត្រូវបានរំពឹងថានឹងអាចផ្ទុកធាតុបានរហូតដល់ទៅប្រមាណ ២៦ ០០០ កោដិ។
បន្ថែមពីលើការតម្កល់ធាតុ ក្លិបក៏បានរៀបចំជម្រើសពិសេសមួយទៀត គឺការបំពាក់ផ្លាកអនុស្សាវរីយ៍ (Commemorative plaques) ដែលមានចារឈ្មោះ និងសាររបស់អ្នកគាំទ្រលើផ្លាកនោះ។ ជម្រើសនេះមិនត្រឹមតែបើកទូលាយសម្រាប់អ្នកដែលបានចែកឋានប៉ុណ្ណោះទេ សូម្បីតែអ្នកគាំទ្រដែល មានជីវិតរស់នៅ ក៏អាចជាវផ្លាកនេះដើម្បីបង្កើតចំណងទាក់ទងជារៀងរហូតជាមួយក្លិបក្នុងក្តីស្រមៃរបស់ពួកគេបានដែរ។
ចំពោះការជួលទីតាំង ឬការទទួលបានសិទ្ធិតម្កល់ (Concessions) ក្លិបបានផ្ដល់ឱ្យ ៣ ជម្រើស គឺ ១០ ឆ្នាំ, ២៥ ឆ្នាំ ឬ ៥០ ឆ្នាំ ហើយបន្ទាប់ពីផុតកំណត់កិច្ចសន្យា ធាតុទាំងនោះអាចនឹងត្រូវយកទៅផ្លាស់ប្តូរទីតាំងរៀបចំនៅក្នុងតំបន់អនុស្សាវរីយ៍របស់ក្លិប។
អ្វីដែលកាន់តែពិសេសនោះ ក្លិប FC Barcelona បានបញ្ជាក់ថា គម្រោង «Memorial FC Barcelona» នេះ បើកទូលាយសម្រាប់អ្នកគាំទ្រនៅគ្រប់ទិសទីជុំវិញពិភពលោក ដោយមិនតម្រូវឱ្យមានប័ណ្ណសមាជិកផ្លូវការរបស់ក្លិបឡើយ។
គួរបញ្ជាក់ផងដែរថា Barça មិនមែនជាក្លិបអេស្ប៉ាញដំបូងគេដែលគិតគូរពីគម្រោងចុងក្រោយនៃជីវិតសម្រាប់អ្នកគាំទ្រនោះទេ ព្រោះកន្លងមកក្លិបដូចជា Atlético Madrid, Real Betis និង Espanyol សុទ្ធតែធ្លាប់បានបង្កើតកន្លែងតម្កល់ធាតុលក្ខណៈតូចៗនៅកីឡដ្ឋានរបស់ពួកគេរួចមកហើយ៕
