សិស្សានុសិស្សវិទ្យាល័យ ហ៊ុនសែន ស្អាង ២០០នាក់ចូលរួមកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងកីឡា

1 នាទីអាន

បន្ទាប់ពីទទួលបានជោគជ័យក្នុងយុទ្ធនាការផ្សព្វផ្សាយនៅរាជធានីភ្នំពេញកាលពីសប្ដាហ៍មុន នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ បានបន្តបេសកកម្មរបស់ខ្លួនចុះទៅកាន់បណ្ដាខេត្តវិញម្ដង ដោយបានចាប់ផ្ដើមបើកឆាកដំបូងនៅ វិទ្យាល័យ ហ៊ុន សែន ស្អាង ខេត្តកណ្ដាល ក្រោមវត្តមានចូលរួមយ៉ាងផុសផុលពីសំណាក់សិស្សានុសិស្សប្រមាណ ២០០នាក់។

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាវាគ្មិនកិត្តិយសប្រចាំកម្មវិធី បានមានប្រសាសន៍ឱ្យដឹងថា តាមរយៈកម្មវិធីនេះ សិស្សានុសិស្សគ្រប់រូបទទួលបានការបញ្ជ្រាបចំណេះដឹងយ៉ាងទូលំទូលាយអំពីការអប់រំគុណតម្លៃ ទស្សនវិជ្ជា និងប្រវត្តិសាស្ត្រនៃកីឡាអូឡាំពិកដែលមានអាយុកាលជិត ៣,០០០ឆ្នាំមកហើយ។ លើសពីនេះ សិស្សានុសិស្សក៏បានចូលរួមលេងសកម្មភាពកីឡាប្រកបដោយភាពសប្បាយរីករាយ ក្រោមពាក្យស្លោកយុទ្ធនាការ «យុវជនម្នាក់ លេងកីឡាយ៉ាងតិចមួយប្រចាំជីវិត» ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ព្រឹត្តិការណ៍ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ (Asian Youth Games 2031) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តកណ្ដាល កម្មវិធីអប់រំគុណតម្លៃអូឡាំពិក នឹងបន្តដំណើរឆ្ពោះទៅកាន់បណ្ដាខេត្តគោលដៅជាបន្តបន្ទាប់ រួមមាន៖ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ព្រមទាំងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ផងដែរ។ ការពង្រីកវិសាលភាពនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរងផលប៉ះពាល់ដោយសារការឈ្លានពាន បានចូលរួមលេងកីឡាដើម្បីលើកកម្ពស់សុខភាព និងរឹតចំណងសាមគ្គីភាព។

ទន្ទឹមនឹងការផ្សព្វផ្សាយ កម្មវិធីក៏មានគម្រោងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធកីឡាទៅតាមលទ្ធភាពជាក់ស្ដែង ក្រោមជំនួយឧបត្ថម្ភពី អង្គការសាមគ្គីអូឡាំពិក (Olympic Solidarity) នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋនៅតាមភូមិរង់ចាំ ឱ្យមានទីតាំង និងសម្ភារៈសមស្របសម្រាប់ហាត់ប្រាណ និងលេងកីឡា ក្នុងន័យពង្រឹងស្មារតីឱ្យភ្លឺថ្លា និងទទួលបានសុខុមាលភាពល្អប្រសើរ។

នាឱកាសនោះ លោក ហេង ហ៊ នាយករងវិទ្យាល័យ ហ៊ុន សែន ស្អាង បានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកម្មវិធីដ៏មានសារៈសំខាន់នេះ ដែលបានជួយឱ្យសិស្សានុសិស្សរបស់លោកបានយល់ច្បាស់ពីប្រវត្តិ និងអត្ថប្រយោជន៍នៃកីឡា រួមទាំងជំរុញទឹកចិត្តពួកគេឱ្យងាកមកចាប់អារម្មណ៍លេងកីឡាកាន់តែច្រើន។ លោកក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការនេះនឹងក្លាយជាថ្នាលបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីវ័យក្មេងដ៏មានសក្ដានុពលសម្រាប់វិទ្យាល័យ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡានានានាពេលអនាគត៕