កីឡាករព័រទុយហ្កាល់ម្នាក់ទៀតហើយ ដែលប្រហែលជួបស្ថានភាពស្រដៀងនឹង Cristiano Ronaldo នេះបើតាមដឹងចចាមអារាមថ្មីៗនេះ។ ខ្សែបម្រើ Bernardo Silva បានសម្រេចចិត្តចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុម មុនជំនួបចុងក្រោយទល់នឹងក្រុមវេលស៍ (Wales) ក្នុងប្រកួតពូល UEFA Nations League។
បើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានកីឡាធំៗ រួមមាន Sport និង Record បានឱ្យដឹងថា ការចាកចេញរបស់ Bernardo Silva កើតឡើងបន្ទាប់ពីការជជែកជាមួយគ្រូបង្វឹកលោក Jorge Jesus នៅទីក្រុង Braga។ ក្នុងជំនួបនោះ តារាឆ្នើមរបស់ក្លិប Real Madrid បានសម្តែងការមិនពេញចិត្តចំពោះនាទីលេង និងតំណែងលើទីលាន ដែលរូបគេទទួលបាន។
ទោះបីជាសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ បានប្រកាសថា Silva ត្រូវចាកចេញដោយសារបញ្ហាសាច់ដុំ ក្រោយការពិនិត្យពីគ្រូពេទ្យក៏ដោយ ប៉ុន្តែប្រភពជិតស្និទ្ធនឹងកីឡាករ និងសារព័ត៌មានក្នុងស្រុកបានអះអាងថា បញ្ហាពិតប្រាកដគឺកើតចេញពីការអាក់អន់ចិត្តរឿងការប្រកួតនេះឯង។
មុនការប្រកួតទល់នឹងដាណឺម៉ាក Bernardo Silva ធ្លាប់បានទម្លាយប្រាប់អ្នកសារព័ត៌មានរួចជាស្រេចថា៖
“កីឡាករគ្រប់រូបសុទ្ធតែចង់មានអារម្មណ៍ថខ្លួនសំខាន់ និងចង់ចូលលេង ហើយខ្ញុំក៏មិនខុសពីគេដែរ។”
ស្ថានការណ៍បានឈានដល់ចំណុចក្តៅ បន្ទាប់ពីព័រទុយហ្គាល់បានបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើង ដាណឺម៉ាក ដោយលទ្ធផល ១-៤។ នៅក្នុងការប្រកួតនោះ Bernardo Silva បានអង្គុយបម្រុង ហើយទទួលបានឱកាសចូលលេងត្រឹមតែ ១១នាទីចុងក្រោយ ប៉ុណ្ណោះ។ ទោះជាយ៉ាងណា រូបគេនៅតែអាចស៊ុតបញ្ចូលទីគ្រាប់បាល់តែមួយគ្រាប់គត់ឱ្យព័រទុយហ្គាល់ក្នុងប្រកួតនោះ។
ភ្លាមៗបន្ទាប់ពីការបរាជ័យនេះ រូបគេបានសម្រេចចិត្តជជែកផ្ទាល់ជាមួយលោក Jorge Jesus ហើយក៏បានចាកចេញពីជំរុំហ្វឹកហាត់ ដោយមិនបានរួមដំណើរជាមួយក្រុមទៅកាន់ទីក្រុង Cardiff ដើម្បីប្រកួតបិទវគ្គចែកពូលទល់វេលស៍ឡើយ។
រឿងនេះហាក់ដូចជាគាស់កកាយបញ្ហាចាស់ដែលទើបតែកើតឡើង ជាមួយអតីតប្រធានក្រុម Cristiano Ronaldo ដែលមានបញ្ហាជាមួយលោក Jesus ដែលបង្កឱ្យ CR7 ឈានដល់ការសម្រេចចិត្តព្យួរស្បែកជើងពីជម្រើសជាតិតែម្ដង ដែលធ្វើឱ្យស្ថានភាពនៅក្នុងក្រុមពេលនេះ ស្ថិតក្នុងភាពច្របូកច្របល់។ ដូច្នេះលោក Jesus មានរឿងជាច្រើនត្រូវធ្វើដើម្បីបន្ថយកម្ដៅក្នុងក្រុម។
