Cristiano Ronaldo រកបាន២គ្រាប់ក្នុងជ័យជម្នះ៣-០របស់ Juventus នៅទឹកដី Barcelona យប់ថ្ងៃអង្គារទី៨ខែធ្នូឆ្នាំ២០២០ ក្នុងជំនួបបង្ហើយពូល G នៃពានរង្វាន់ UEFA Champions League នាំឱ្យគ្រាប់បាល់សរុបរបស់គេក្នុងពាននេះឡើងដល់១៣៤គ្រាប់។
គ្រាប់បាល់របស់ CR7 រកបានដោយបាល់ពិន័យ១១ម៉ែត្រទាំង២ ក្នុងនាទី១៣និង៥២ ដោយសារកំហុសរបស់ខ្សែការពារ Ronald Araujo និង Clement Lenglet ខណៈ Weston McKennie រកបាន១គ្រាប់ក្នុងនាទី២០។
នេះជាបរាជ័យលើកដំបូងរបស់ Barca ក្នុងវគ្គចែកពូលតាំងពី២០១៦មក។ លទ្ធផលនេះ នាំ Juventus ឈ្នះលេខ១ក្នុងពូល G។
Lionel Messi ដែលលេងទល់នឹង Ronaldo ជាលើកដំបូងតាំងពីខែឧសភាឆ្នាំ២០១៨មកនោះ ជាអ្នកស៊ុតទាំង៧ជើងនៃឱកាសទាំងអស់របស់ Barca ក្នុងប្រកួតនេះ ប៉ុន្តែត្រូវបានរារាំងដោយអ្នកចាំទីវ័យ៤២ឆ្នាំ Gianluigi Buffon។ តែបើនិយាយសរុបគ្រប់ប្រកួតដែល Messi-CR7 បានប្រឈមគ្នាលើទីលាន ក្រុមខាង Messi ឈ្នះច្រើនជាង គឺ១៦ទល់១១ មកទល់ពេលនេះ។
ក្រោយការប្រកួត Antoine Griezmann ដែលតែតបុករបាទីម្ដងនោះ និយាយថាបរាជ័យខាងលើមិនមែនជាកំហុសរបស់លោក Ronald Koeman ទេ។ គេអះអាងថា៖ «កំហុសនេះមិនអាចជារបស់នរណាក្រៅតែពីកីឡាករនោះទេ។ ពួកយើងជាអ្នកលេងនៅលើទីលានប្រកួត។ ពួកយើងបាត់អស់គ្រប់យ៉ាង ដូចជា ភាពស្រេកឃ្លាន ឥរិយាបថ ឆន្ទៈក្នុងការរត់ គឺគ្មាន។ គ្រប់យ៉ាងគឺអន់មួយចប់»។
ចំណែកគ្រូបង្វឹក Barca លោក Koeman និយាយថា៖ «ពួកយើងគ្មានភាពក្លៀវក្លា។ យើងហាក់ដូចជាលេងដើម្បីកុំឱ្យតែចាញ់ មិនមែនព្យាយាមគ្រប់គ្រងការប្រកួតទេ។ ពួកយើងលេងមិនល្អ សូម្បីតែការឈរតាមទីតាំងក៏មិនត្រឹមត្រូវ។ ពួកយើងមើលទៅដូចខ្លាចគូប្រកួត»៕