រូបភាពកីឡាករបាល់ទាត់ពាក់ម៉ាស់អំឡុងការប្រកួតវគ្គ១/៤ផ្ដាច់ព្រ័ត្រ CONCACAF Champions League 2020 ដែលក្រុមហុងឌូរ៉ាស Olimpia បរាជ័យក្នុងទឹកដីក្រោមថ្វីជើង Monreal Impact ១-០ ធ្វើឱ្យមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម។
កីឡាកររូបនោះឈ្មោះថា Jerry Bengtson ដែលតែងពាក់ម៉ាសរាល់ប្រកួតសម្រាប់ក្រុម Olimpia។ តាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក Diario Deportivo Diez បានសន្និដ្ឋានថា គេធ្វើបែបនេះព្រោះចង់កាត់បន្ថយឱកាសនៃការឆ្លងជំងឺកូវីដ១៩ ដល់រូបគេផ្ទាល់ និង ក្រុមគ្រួសារ។
គ្រូបង្វឹក Pedro Troglio បាននិយាយថា៖ “វាគឺចម្លែក ព្រោះគេជាកីឡាករម្នាក់គត់នៅក្នុងក្រុម ដែលលេងពាក់ម៉ាស់។ វាមិនមែនជាបញ្ហាសម្រាប់គេនោះទេ ហើយគេក៏នៅតែអាចរកគ្រាប់បាល់បានដដែល”។
សូមបញ្ជាក់ថា ក្រុម Olimpia របស់ Bengtson បានកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះ ក្រុម Monreal Impact ដោយបាល់ចំណេញក្រៅដី (ជើងទី១ឈ្នះ ១-២, ជើងទី២ ចាញ់ ១-០)៕