កូនវីបុរសបារាំងលើកពាន World Cup 1998 រងពិន័យធ្ងន់ពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់និងក្លិបខ្លួនឯង ក្រោយស្ដោះទឹកមាត់ដាក់…

Monghak Yong
11 មើល
0 នាទីអាន
- Advertisement -

Marcus Thuram ដែលជាកូនប្រុសវីបុរសបារាំងឈ្នះពាន FIFA World Cup 1998 Lillian Thuram នោះ បានរងពិន័យជាការកាត់ប្រាក់ខែ១ខែពីសំណាក់ក្លិបខ្លួនឯង Borussia Monchengladbach ស្មើនឹងប្រហែល១៥ម៉ឺនអឺរ៉ូ និងរងបម្រាម៦ប្រកួត ព្រមទាំងពិន័យជាលុយ៤ម៉ឺនអឺរ៉ូផ្សេងទៀតពីសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ ចំពោះការស្ដោះទឹកមាត់ដាក់មុខកីឡាករគូបដិបក្ខ។

Marcus Thuram វ័យ២៣ឆ្នាំដែលជាសមាជិកក្រុមបាល់ទាត់ជម្រើសជាតិបារាំងដែរនោះ បានស្ដោះទឹកមាត់ដាក់ខ្សែការពារ Stefan Posch របស់ក្លិប Hoffenheim អំឡុងគ្រាប់បាល់កំពុងស្មើគ្នា១-១ ហើយត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញពីទីលាន។ បន្ទាប់មក Hoffenheim រកបានគ្រាប់ជ័យជម្នះ២-១ រុញច្រាន Monchengladbach ទៅលេខ៨ក្នុង Bundesliga។

សារព័ត៌មាន Bild រាយការណ៍ថាប្រាក់ខែមួយខែរបស់ Marcus គឺប្រហែល១៥០.០០០អឺរ៉ូ ហើយប្រាក់នេះនឹងត្រូវបានយកទៅបរិច្ចាគជាសកម្មភាពសប្បុរសធម៌។

នាយកកីឡាក្លិប Monchengladbach លោក Max Eberl បាននិយាយថា Marcus បានទទួលយកកំហុសនិងកែតម្រូវកំហុសឆ្គងនេះដោយខ្លួនឯង ហើយគេជាមនុស្សដែលចេះភ្ញាក់រឭកពីអ្វីដែលមិនល្អ។

Marcus បានបង្ហោះលើគណនី Instagram របស់ខ្លួនថា៖ «នោះមិនមែនជាអត្តចរិតរបស់ខ្ញុំឡើយ ហើយវាមិនត្រូវកើតឡើងសោះ។ ខ្ញុំបានធ្វើប្រតិកម្មដាក់គូបដិបក្ខក្នុងរបៀបដ៏ខុសឆ្គងមួយ ហើយជាអ្វីមួយដែលបានកើតឡើងដោយចៃដន្យ និងដោយអចេតនា។ ខ្ញុំសូមទោសគ្រប់គ្នា។ ពិតណាស់ ខ្ញុំទទួលយកវិបាកគ្រប់យ៉ាងដែលកើតចេញពីសកម្មភាពរបស់ខ្ញុំ»៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕