Skip to content
Messi បំបែកកំណត់ត្រាគ្រាប់បាល់ របស់វីរបុរស Pele
    ទំព័រដើម  »  កីឡាអន្តរជាតិ

Messi បំបែកកំណត់ត្រាគ្រាប់បាល់ របស់វីរបុរស Pele

Lionel Messi បានបំបែកកំណត់ត្រាគ្រាប់បាល់ ដែលរកបានសម្រាប់តែមួយក្លិបរបស់ វីរបុរសប្រេស៊ីល Pele ក្រោយរូបគេ រកគ្រាប់បាល់ទី៦៤៤ សម្រាប់ក្លិប Barcelona។

អតីតខ្សែប្រយុទ្ធ Pele មានគ្រាប់បាល់ ៦៤៣គ្រាប់នៅក្លិប Santos ដែលជាកំណត់ត្រាមួយពិបាកនឹងសម្រេច ប៉ុន្ដែ Messi បានបំបែកកំណត់ត្រានេះ ក្រោយរកគ្រាប់បាល់នៅនាទីទី៦៥ ក្នុងការប្រកួតដែល Barcelona យកឈ្នះ Valladolid ៣-០ នៅក្របខណ្ឌ La Liga កាលពីយប់មិញ។

កីឡាករអាហ្សង់ទីន បានតាមស្មើកំណត់ត្រារបស់ Pele កាលពីចុងសប្ដាហ៍ នៅពេលដែលគេស៊ុតបានមួយគ្រាប់ ឱ្យ Barcelona ក្នុងជំនួបទល់នឹង Valencia ដែលបញ្ចប់ក្នុងលទ្ធផល ២-២។

បន្ទាប់ពីបានបំបែកកំណត់ត្រាដ៏កម្រមួយនេះ Messi បានបង្ហាញអារម្មណ៍របស់ខ្លួននៅលើ Instagram ដោយបានសរសេរថា៖ “នៅពេលដែលខ្ញុំចាប់ផ្ដើមលេងបាល់ ខ្ញុំមិនដែលគិតថា ខ្ញុំអាចបំបែកកំណត់ត្រាណាមួយឡើយ ជាពិសេសកំណត់ត្រាដែល Pele សម្រេចបាន”។

“ខ្ញុំសូមថ្លែងអំណរគុណទៅគ្រប់គ្នា ដែលបានជួយខ្ញុំប៉ុន្មានឆ្នាំមកនេះ ដូចជា មិត្តរួមក្រុម, គ្រួសារ, មិត្តភក្ដិ របស់ខ្ញុំ ហើយគ្រប់គ្នាដែលតែងគាំទ្រខ្ញុំរាល់ថ្ងៃ”៕