ភាពមិនចាញ់២៧ប្រកួតជាប់គ្នារបស់ AC Milan ក្នុងក្របខ័ណ្ឌ Serie A ត្រូវបានបញ្ចប់នៅរាត្រីថ្ងៃពុធទី៦ខែមករាឆ្នាំ២០២១ ក្រោយត្រូវក្រុមការពារជើងឯក Juventus ផ្ដួល៣-១ក្នុងកីឡដ្ឋាន San Siro។
ខ្សែប្រយុទ្ធស្លាប Federico Chiesa រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទី១៨និង៦២ ពីការបញ្ជូនបាល់ដោយ Paulo Dybala ខណៈ Davide Calabria រកបាន១គ្រាប់សម្រាប់ម្ចាស់ផ្ទះនៅចន្លោះគ្រាប់ទាំង២ក្នុងនាទី៤១។
កីឡាករវ័យក្មេង Weston McKennie រកបានគ្រាប់ចុងក្រោយសម្រាប់ក្រុមលោក Andre Pirlo ក្នុងនាទី៧៦ ពីការបញ្ជូនបាល់ដោយ Dejan Kulusevski។
មុនរងបរាជ័យយប់មិញនេះ AC Milan បង្វឹកដោយលោក Stefano Pioli បានលេងមិនចាញ់ចំនួន១២ប្រកួតចុងក្រោយនៃរដូវកាលមុនដែលពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ និងមិនចាញ់១៥ប្រកួតដំបូងនៃរដូវកាលថ្មី២០២០-២១នេះ។
ទោះយ៉ាងណា ពួកគេនៅរក្សាបានទីកំពូលតារាង Serie A ដដែល ដោយមានប្រៀប១ពិន្ទុ ស្របពេលគូប្រជែងរួមក្រុង Inter Milan បានចាញ់២-១នៅទឹកដី Sampdoria។
សូមជម្រាបផងដែរថា AC Milan យប់មិញគ្មាន Zlatan Ibrahimovic ជាលើកទី៨ប្រកួតដោយសាររបួស, Ismael Bennacer និង Alexis Saelemaekers ក៏អវត្តមាន ខណៈ Ante Rebic និង Rade Kruni ឆ្លងកូវីដ១៩ ហើយ Sandro Tonali ជាប់បម្រាម។
Juventus ដែលយប់មិញគ្មាន Alex Sandro និង Juan Cuadrado ដោយសារឆ្លងកូវីដ១៩ដែរនោះ ពេលនេះឡើងមកលេខ៤ក្នុងតារាង នៅក្រោម AC Milan ៧ពិន្ទុ តែលេងតិចជាង១ប្រកួត៕