ប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ២០២០នេះ ក្រុមកីឡាករវ័យក្មេងនៃក្លិប ចលនាយុវជន១៥៧ របស់ ពេជ្រ សុផាន់ កំពុងកាក់កបណាស់ ក្នុងការប្រមូលពានរង្វាន់តាមស្ថានីយនានា។
អតីតអ្នកប្រដាល់លំដាប់ជួរមុខ លោក ពេជ្រ សុផាន់ណា ថ្លែងមក AMS Sports ថាយ៉ាងហោចណាស់ ពានរង្វាន់លក្ខណៈម៉ារ៉ាតុន ចំនួន៤ពានរង្វាន់ហើយ បានធ្លាក់មកក្នុងដៃក្លិបលោក។ លោកពិតជាមានមោទកភាព ចំពោះសមិទ្ធផលដែលយកបានដោយ សមត្ថភាពកីឡាករវ័យក្មេង និងជើងថ្មីដែលដុះដាលក្រោមការបណ្ដុះរបស់ខ្លួន។
គ្រូបង្វឹកកំពុងទទួលការចាប់អារម្មណ៍រូបនេះ បានចាត់ទុកសមិទ្ធផលទាំងនេះថា ជាជោគជ័យ ដែលបង្ហាញពីគុណភាពនៃការបង្វឹករបស់លោក និងការប្រឹងប្រែងរបស់កូនសិស្សតែម្ដង។
បុរសមានប្រភពពីខេត្តតាកែវ បាននិយាយពីភាពវិជ្ជមាននៃជោគជ័យរបស់កូនសិស្សខ្លួន យ៉ាងដូច្នេះថា៖ «ជ័យជម្នះរបស់ពួកគេដែលជាសិស្សច្បងៗក្នុងក្លិប ជាកម្លាំងលើកទឹកចិត្តដែលធ្វើឲ្យសិស្សប្អូនក្មេងៗកាន់តែខិតខំខ្លាំង។ ហើយក៏ជាបង្ហាញថា យុវជនក្លិបរបស់របស់ខ្ញុំសុទ្ធតែមានគុណភាព ឲ្យតែពួកគេមានការព្យាយាម»។
ជាអតីអ្នកប្រយុទ្ធម្នាក់ស្ថិតក្នុងចង្កោមកីឡាករលំដាប់ឆ្នើមៗ«កាលពីជាង១០ឆ្នាំមុន និងធ្លាប់ចេញទៅ ប្រកួតនិងផ្សព្វផ្សាយ គុនខ្មែរលើទឹកដី អូស្ត្រាលីផងនោះ ពេជ្រ សុផាន់ បច្ចុប្បន្នកំពុងបណ្ដុះ និងសម្រួចកីឡាករជាង១០នាក់ក្នុងក្លិបរបស់លោក ដែលមានមូលដ្ឋានក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕