Skip to content
Spurs ចាញ់ក្រុមកៀកបាតតារាង Premier League ១-០ ក្រោយអវត្តមាន Harry Kane
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Spurs ចាញ់ក្រុមកៀកបាតតារាង Premier League ១-០ ក្រោយអវត្តមាន Harry Kane

Brighton & Hove Albion បានយកឈ្នះ Tottenham Hotspur ដោយលទ្ធផល ១-០ នៅទឹកដីរបស់ខ្លួននៅក្នុងការប្រកួត Premier League នារាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

Leandro Trossard ជាអ្នករកគ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់គត់នៅនាទីទី១៧ ពីបញ្ជូនបាល់កាត់មកក្រោយបានយ៉ាងល្អដោយ កីឡាករអាល្លឺម៉ង់ Pascal Gross។ ហើយនេះជាលើកដំបូងដែលក្រុមម្ចាស់ផ្ទះ Brighton អាចរកបាន៣ពិន្ទុនៅកីឡដ្ឋាន Amex ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០មក។

ក្រោយចប់ការប្រកួតអ្នកចាត់ការ Brighton លោក Potter បាននិយាយថា៖ “នេះជាការលេងដ៏ល្អបំផុតរបស់យើងនៅរដូវកាលនេះ។ តាំងពីដើមដល់ចប់ យើងបានធ្វើនូវអ្វីដែលយើងចាំបាច់ត្រូវធ្វើ ដូចជាការបង្កើតឱកាស រកគ្រាប់បាល់ដ៏ល្អ និងមានឥរិយាបថល្អនៅលើទីលាន ទល់នឹងគូប្រជែងកំពូលមួយនេះ”។

រីឯលោក Jose Mourinho ដែលជាអ្នកចាត់ការរបស់ Spurs បានសារភាពថាក្រុមរបស់លោកមិនសប្បាយចិត្ត ពីការលេងនៅលើទីលានប្រកួត ដោយសារអវត្តមានកីឡាករសំខាន់ដូចជា Harry Kane ជាដើម។

កំណត់ត្រា និង ស្ថិតិនៃការប្រកួត៖

  • Brighton អាចរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់(clean sheet) ៣ប្រកួតជាប់គ្នានៅ Premier League ដែលជាលើកទី២ពួកគេអាចធ្វើបាន ចាប់តាំងពីខែតុលា ឆ្នាំ២០១៨។
  • នេះជាជ័យជម្នះលើកដំបូងរបស់ Brighton នៅទឹកដីរបស់ខ្លួន ពីការលេង១៥ប្រកួតក្នុងក្របខណ្ឌ Premier League ដោយ១៤ប្រកួតកន្លងមក ពួកគេស្មើ៧លើក និង ចាញ់៧លើកនៅកីឡដ្ឋាន Amex Stadium ហើយជ័យជម្នះចុងក្រោយកន្លងមក ពួកគេបានយកឈ្នះ Arsenal នៅខែមិថុនា ឆ្នាំ២០២០(២២៥ថ្ងៃ)។
  • Spurs អាចយកបានជ័យជម្នះតែ៣លើកប៉ុណ្ណោះ ពី១៣ប្រកួតនៅ Premier League នៅពេលអវត្តមានខ្សែប្រយុទ្ធ Harry Kane ដោយស្មើ៤លើក និង បរាជ័យ៦លើក។
  • Tottenham ចាញ់៤លើកពីការលេង៨ប្រកួតចុងក្រោយនៅក្នុងលីគ ដែលស្មើនឹងចំនួនការប្រកួតបរាជ័យ ២៨ប្រកួតកន្លងមក។
  • នេះជាលើកទី១១ ដែលក្រុមដឹកនាំដោយលោក Jose Mourinho អាចមានឱកាសស៊ុតចំគោលដៅតែម្ដង ឬ តិចជាងនេះក្នុងវគ្គទី១ នៅ Premier League ហើយបើគិតតែនៅ Spurs ពួកគេមានស្ថិតិបែបនេះលើកទី៦ហើយ។
  • Mourinho ដឹកនាំក្រុមចាញ់ក្រៅទឹកដីទល់នឹង Brighton ៣ប្រកួតជាប់គ្នានៅ Premier League ដែលនេះជាលើកទី១ដែលលោក ដឹកនាំក្រុមភ្ញៀវបរាជ័យ៣ប្រកួតជាប់គ្នាក្នុងអាជីពរបស់ខ្លួន។
  • កីឡាករ Pascal Gross របស់ក្រុម Brighton ជាកីឡាករអាល្លឺម៉ង់ទី៤ ដែលបានបញ្ជូន assist ច្រើនបំផុត(១៨លើក)នៅ Premier League បន្ទាប់ពី Mesut Ozil(៥៤លើក), Leroy Sane(២៨លើក) និង Dietmar Hamman(២២លើក)។
លទ្ធផលការប្រកួតកាលពីចុងសប្ដាហ៍

តារាងចំណាត់ថ្នាក់នៅ Premier League: