អតីតកីឡាករទម្ងន់ជើងធ្ងន់ សេន ប៊ុនថេន បានរំលឹកថាជំនាន់របស់លោក កីឡាករបែងចែកដាច់ណាស់ រវាង ការប្រកួត និង មិត្តភាព ដោយតែងប្រឹងប្រែងរៀងខ្លួនលើសង្វៀន។ ដោយឡែក លោកថា កីឡាករមួយចំនួននៅជំនាន់នេះដោយសារសម្បូរទីផ្សារប្រកួត បែរជាយកហេតុផលមិត្តភាព ប្រកួតមិនអស់សមត្ថភាពទៅវិញ។
«ខ្ញុំមិនយល់ដែលកីឡាករយើង ខ្លះគាត់គិតថាស្គាល់គ្នា មិត្តភ័ក្តិ បើនៅថៃ គឺគេស្គាល់គ្នាដូចគ្នា តែកីឡាករគេឡើងលើសង្វៀនគេដឹងតែវ៉ៃហើយ។ … ជំនាន់ខ្ញុំដូចគ្នា មានតែគូខ្មែរនិងខ្មែរហ្នឹង មិនងាយវ៉ៃអន្តរជាតិទេ»។ សេន ប៊ុន លើកឡើងយ៉ាងដូច្នេះ។
អតីតជើងខ្លាំង ដែលធ្លាប់ប្រកួតផ្សព្វផ្សាយគុនខ្មែរដល់ទឹកដីអឺរ៉ុប បន្តថា អំឡុងលោកនៅប្រកួត កីឡាករខ្មែរខ្សត់សង្វៀនណាស់ និងប្រកួតតែគូជាតិប៉ុណ្ណោះ។ តម្លៃក៏តិចទៀត ប៉ុន្តែលោកថា កីឡាករម្នាក់ៗ ប្រកាន់ភ្ជាប់នូវឆន្ទៈស្វាហាប់ ដោយតែងខិតខំប្រកួតអស់ពីលទ្ធភាព ដោយគ្មានការយោគយល់លើសង្វៀន តែមិត្តភាពក្រៅសង្វៀននៅតែមាន។
គួរំលឹកថា សេន ប៊ុនថេន ជាអតីកីឡាករល្បីមួយរូប ហើយក៏ជាកីឡាករខ្មែរដំបូងគេ ដែលធ្លាប់ទទួលជ័យជម្នះលើសង្វៀន Thai Fight ហើយបច្ចុប្បន្ន កំពុងបើកដំណើរការក្លិបផ្ទាល់ខ្លួនឡើងដោយចាប់ដៃជាមួយ អតីតជើងខ្លាំង បឺត ខាំ៕