មហាសេដ្ឋីស៊ុយអែត Daniel Ek បាននិយាយថាសំណើដេញថ្លៃទិញ Arsenal ជាផ្លូវការត្រូវបានដាក់ទៅហើយ តែត្រូវបានច្រានចោលដោយម្ចាស់ក្លិបបច្ចុប្បន្នដែលជាមហាសេដ្ឋីអាមេរិក។
ក្នុងសេចក្ដីប្រកាសព័ត៌មានលើ Twitter សហស្ថាបនិកក្រុមហ៊ុន Spotify វ័យ៣៨ឆ្នាំ បាននិយាយថាលោកបានដាក់សំណើទៅ Josh Kroenke តែលោក Josh និងដៃគូ បានបដិសេធសំណើដេញថ្លៃរបស់លោក។
មហាសេដ្ឋីអាមេរិក Stan Kroenke ដែលជាឪពុកលោក Josh បានកាន់កាប់ភាគហ៊ុនធំនៅ Arsenal មួយទសវត្សរ៍មកហើយ ហើយបានទិញផ្ដាច់ភាគហ៊ុនពីសេដ្ឋីរុស្ស៊ី Alisher Usmanov ក្នុងឆ្នាំ២០១៨ ដើម្បីក្ដោបសិទ្ធិគ្រប់គ្រងក្លិបទាំងមូល។
លោក Kroenke អះអាងថាមានការប្ដេជ្ញាចិត្ត១០០%ចំពោះ Arsenal ហើយ នឹងមិនលក់ភាគហ៊ុនឡើយ។
ទោះបែបនេះក្ដី លោក Ek ដែលជាអ្នកគាំទ្រ Arsenal ជាយូរមកហើយនោះ នៅតែចិញ្ចឹមចិត្តចង់ទិញ Arsenal ដដែល៕