តាមរយៈការដាក់ឱ្យបោះឆ្នោតស្ទង់មតិនិងបង្ហាញឱ្យឃើញនាថ្ងៃចន្ទទី១៧ខែឧសភាឆ្នាំ២០២១នេះ ប្រជាជនជប៉ុនជាង៨០%បានជំទាស់នឹងការរៀបចំព្រឹត្តិការណ៍តូក្យូអូឡាំពិក២០២០ ខណៈនៅសល់ពេលមិនដល់១០សប្ដាហ៍ទៀតផងព្រឹត្តិការណ៍នឹងចូលមកដល់ បន្ទាប់ពីត្រូវបានលើកពេល១ឆ្នាំដោយសារការផ្ទុះជំងឺកូវីដ១៩។
ការស្ទង់មតិចុងសប្ដាហ៍មុនដោយកាសែតជាតិ Asahi Shimbun រកឃើញថាអ្នកឆ្លើយសំណួរចំនួន៤៣%ចង់ឱ្យលុបចោលព្រឹត្តិការណ៍តូក្យូអូឡាំពិក ខណៈ៤០%ទៀតចង់ឱ្យពន្យារពេលបន្ថែម។
តួលេខនេះកើនឡើងបើធៀបនឹងការស្ទង់មតិដោយកាសែតខាងលើក្នុងខែមុន ដែលសំឡេងគាំទ្រឱ្យលុបចោលតូក្យូអូឡាំពិកមាន៣៥% និង៣៤%ចង់ឱ្យបន្តពន្យារពេល។
មានតែ១៤%ប៉ុណ្ណោះដែលគាំទ្រឱ្យតូក្យូអូឡាំពិកដំណើការតាមការគ្រោងទុកក្នុងរដូវក្ដៅនេះ គឺធ្លាក់ចុះពាក់កណ្ដាលខុសពីលើកមុនដែលមានសំឡេងគាំទ្រ២៨%។
ហើយបើការប្រកួតកើតឡើងតាមគម្រោង អ្នកឆ្លើយសំណួរចំនួន៥៩%មិនចង់ឱ្យមានទស្សនិកជនឡើយ ហើយ៣៣%ចង់ឱ្យមានទស្សនិកជនតិច និង៣%ចង់ឱ្យមានទស្សនិកជនពេញកីឡដ្ឋាន។
ដោយឡែក ការស្ទង់មតិរបស់ Kyodo News វិញ កាលពីថ្ងៃអាទិត្យបង្ហាញថា៥៩,៧% ចង់ឱ្យលុបចោលតូក្យូអូឡាំពិក។
ការស្ទង់មតិខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលជប៉ុនបានពង្រីកការដាក់រដ្ឋក្នុងភាពអាសន្នកាលពីថ្ងៃសុក្រសប្ដាហ៍មុន ស្របពេលប្រទេសដ៏ជឿនលឿនមួយនេះប្រយុទ្ធប្រឆាំងនឹងរលកទី៤នៃការរាតដ្បាតដោយជំងឺកូវីដ១៩។
ការកើនឡើងនៃករណីឆ្លងកូវីដ១៩ក្នុងប្រទេសជប៉ុន បានដាក់សម្ពាធលើប្រព័ន្ធសុខាភិបាលប្រទេសនេះ ហើយអ្នកជំនាញវេជ្ជសាស្ត្របានព្រមានម្ដងហើយម្ដងទៀតអំពីកង្វះខាតនិងភាពនឿយហត់។
ជប៉ុនមានករណីឆ្លងកូវីដ១៩តិចជាងប្រទេសច្រើនផ្សេងទៀតនិងមានអ្នកស្លាប់ប្រមាណ១១៥០០នាក់មកទល់ពេលនេះ។ ប៉ុន្តែរដ្ឋាភិបាលរងសម្ពាធដោយសារភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងដល់ប្រជាជន។
គណៈកម្មាធិការរៀបចំអូឡាំពិកនិយាយថាវិធានការតឹងរ៉ឹងប្រឆាំងកូវីដ១៩ រួមបញ្ចូលទាំងការធ្វើតេស្តជាប្រចាំលើអត្តពលិកនិងការហាមប្រាមទស្សនិកជនមកពីបរទេសនឹងធ្វើឱ្យព្រឹត្តិការណ៍មានសុវត្ថិភាព៕