លោក Andrea Pirlo ឈ្នះពានរង្វាន់ខ្នាតធំលើកដំបូងក្នុងនាមជាអ្នកចាត់ការ បន្ទាប់ពីដឹកនាំ Juventus ផ្ដួល Atalanta ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Coppa Italia យប់ថ្ងៃពុធទី១៩ខែឧសភាឆ្នាំ២០២១។
ការប្រកួតនៅកីឡដ្ឋាន Mapei របស់ Sassuolo យប់មិញនេះដែលមានទស្សនិកជន៤៣០០នាក់ចូលទស្សនាផ្ទាល់ Dejan Kulusevski ស៊ុតកោងយ៉ាងស្អាតយកគ្រាប់នាំមុខឱ្យក្រុមសេះបង្កង់ក្នុងនាទី៣១ រួចត្រូវបាន Ruslan Malinovskiy តាមស្មើក្នុងរយៈពេល១០នាទីបន្ទាប់។ ខណៈសល់១៧នាទីទៀតចប់ម៉ោងធម្មតា Federico Chiesa លេងប្រទាក់ក្រឡាជាមួយ Kulusevski ហើយបង្កើតជាឱកាសស៊ុតយ៉ាងត្រជាក់ចិត្តយកគ្រាប់ជ័យជម្នះដើម្បីឱ្យ Juventus លើកពាន League Cup អ៊ីតាលីជាលើកទី១៤។
នេះជាការប្រកួតបាល់ទាត់កម្រិតខ្ពស់លើកដំបូងក្នុងប្រទេសអ៊ីតាលីដែលមានទស្សនិកជនចូលទស្សនាផ្ទាល់ក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរ។
គួរជម្រាបផងដែរថា នេះជាបរាជ័យវគ្គផ្ដាច់ព្រ័ត្រលើកទី២ក្នុងពេល៣រដូវកាលចុងក្រោយរបស់ Atalanta បន្ទាប់ពីចាញ់ Lazio ក្នុងរដូវកាល២០១៨-១៩។ Atalanta ខានលើកពាននេះតាំងពីឆ្នាំ១៩៦៣មកម្ល៉េះ។
ចំណែក Juventus វិញ នៅក្នុងក្របខណ្ឌ Serie A ពួកគេកំពុងស្ថិតនៅលេខរៀងទី៥ នៅក្រោមក្រុមលេខ៣និងលេខ៤ គឺ AC Milan និង Napoli ត្រឹម១ពិន្ទុប៉ុណ្ណោះ។ នៅថ្ងៃបិទរដូវកាលចុងសប្ដាហ៍នេះ Juventus ត្រូវលេងនៅទឹកដី Bologna, AC Milan ទៅសួរសុខទុក្ខ Atalanta ខណៈ Napoli ទទួល Hellas Verona៕