ក្លិបបិសាចក្រហម Manchester United ជាក្លិបបាល់ទាត់ធំបំផុតមួយក្នុងពិភពលោក ដែលធ្លាប់តែទាក់ទាញតារាឆ្នើមៗជាច្រើនមកចូលរួមដើម្បីពង្រឹងក្រុមប្រជែងពានរង្វាន់នានា។ ប៉ុន្តែហេតុអ្វីបានជាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្លិបមួយនេះប្រែជាពិបាកទិញបានកីឡាករដែលពួកគេត្រូវការទៅវិញ?
ក្នុងរដូវក្ដៅឆ្នាំ២០២០នេះ លោក Ole Gunnar Solskjaer អ្នកចាត់ការក្រុមបិសាចក្រហម បានមើលឃើញចំណុចខ្សោយ៣តំបន់ក្នុងក្រុមរបស់លោក គឺនៅស្លាបខាងស្ដាំ, ការពារកណ្ដាល និង ការពារស្លាបឆ្វេង។
ប៉ុន្តែទោះបីជាត្រូវបានភ្ជាប់ទៅនឹងកីឡាករជាច្រើនមែនពិត មកទល់ពេលនេះ ក្លិបដែលមានម្ចាស់ជាមហាសេដ្ឋីអាមេរិក គ្រួសារត្រកូល Glazer ទើបតែនាំចូលសមាជិកថ្មីបានម្នាក់គត់ គឺខ្សែបម្រើជម្រើសជាតិហុល្លង់ Donny van de Beek ពី Ajax ក្នុងតម្លៃ៣៥លានផោន។
លោក Gary Neville អតីតប្រធានក្រុមបិសាចក្រហមជំនាន់លោក Sir Alex Ferguson បានលើកឡើងត្រង់ៗតាមទម្លាប់របស់គាត់ថា៖ «ទីផ្សារដោះដូរលើកនេះប្រហែលជាទីផ្សារដែលងាយស្រួលបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ប៉ុន្តែគួរឱ្យតក់ស្លុតណាស់ដែលមកទល់ពេលនេះ Man United មិនទាន់បានធ្វើអ្វីថែមលើសពីនេះនៅឡើយ។ ក្លិបដទៃកំពុងទិញកីឡាករបានភ្លូកទឹកភ្លូកដី ចម្លែកអីអត់តែ Man United?»។
សម្ដីរបស់លោក Gary បង្កើនសម្ពាធលើអនុប្រធានប្រតិបត្តិក្លិបបិសាចក្រហម Ed Woodward និងលោក Matt Judge ដែលជាប្រធានផ្នែកអភិវឌ្ឍន៍និងជាអ្នកចរចាការផ្ទេរ។
លោក Solskjaer បានកំណត់ Jadon Sancho ជាគោលដៅផ្ទេរលេខ១របស់លោក ប៉ុន្តែមកទល់ពេលនេះ Borussia Dortmund រក្សាជំហរយ៉ាងរឹងត្អឹងលើតម្លៃផ្ទេរដែលពួកគេទាមទារ។ មួយរយៈមុន Dortmund ពិតជាបានបង្ហាញឆន្ទៈក្នុងការចរចា ប៉ុន្តែបានដាក់ថ្ងៃទី១០ខែសីហាជាថ្ងៃចុងក្រោយនៃការធ្វើកិច្ចព្រមព្រៀង ដើម្បីឱ្យស្របគ្នានឹងពេលវិលមកហាត់ត្រៀមរដូវកាលថ្មី។
Man Utd យល់ថាការកំណត់ឱសានវាទខាងលើជាការធ្វើតាមអំពើចិត្តរបស់ Dortmund ហើយពួកគេបានព្រងើយចំពោះការកំណត់នោះ។ តែទន្ទឹមនឹងនេះ អ្វីដែល Man Utd កាន់តែបារម្ភជាងនោះគឺការទារតម្លៃពីសំណាក់ Dortmund ដែលចង់បានជាង១០០លានផោនចំពោះការផ្ទេរ Sancho ដែល Man Utd គិតថាថ្លៃពេក។ ចំណុចពិបាកមួយទៀតគឺការចរចាតាមរយៈភាគីទី៣ ដែលជាសំណើរបស់ Dortmund។
តាមប្រភពគួរឱ្យជឿបាន Man Utd បានព្រមព្រៀងលើប្រាក់ខែរបស់ Sancho និងកម្រៃជើងសារភ្នាក់ងាររួចហើយ។ ប៉ុន្តែ Dortmund ប្រកាន់ជំហរថាឱសានវាទសម្រាប់ចរចាគ្នាបានហួសបាត់ហើយ។
Dortmund បានបដិសេធសំណើថ្មីបំផុតរបស់ Man Utd និងទទូចថាពួកគេនឹងមិនលក់ Sancho ទេ។ សំណួរពេលនេះគឺ តើ Man Utd បន្តតាមទិញ Sancho ទៀត ឬប្ដូរគោលដៅទៅរកអ្នកផ្សេង?
តាមមើលទៅ មានកិច្ចព្រមព្រៀងមួយចំនួនដែលអាចធ្វើបាន។ Ousmane Dembele របស់ Barcelona និង Ivan Perisic របស់ Inter Milan ជាកីឡាករ២នាក់ដែលមានគុណភាព និងអាចយកបាន។ ប៉ុន្តែតើពួកគេព្រមមកចូលរួមលើកិច្ចសន្យាខ្ចីឬទេ?
កីឡាករ Ismaila Sarr របស់ Watford ក៏ត្រូវបានលើកឡើងថាមានចំណាប់អារម្មណ៍ពី Man Utd ដែរ។
នៅតំបន់ការពារ Man Utd បានសម្លឹងឃើញខ្សែការពារស្លាបឆ្វេងប្រេស៊ីល Alex Telles របស់ Porto ប៉ុន្តែបញ្ហាគឺមិនខុសគ្នាពីករណីរបស់ Sancho ទេ គឺ Man Utd យល់ថាតម្លៃ១៨លានផោនដែល FC Porto ទារគឺថ្លៃពេកសម្រាប់កីឡាករម្នាក់ដែលសល់កិច្ចសន្យាតែ១រដូវកាលទៀតប៉ុណ្ណោះ ហើយសល់តែ៣ខែទៀត Telles អាចចុះកិច្ចសន្យាជាមុនជាមួយក្លិបថ្មីដោយសេរី។
ទោះយ៉ាងណាក៏ដោយ បើយើងមើលទៅជ្រុងម្ខាងទៀតឃើញថាកត្តាហិរញ្ញវត្ថុជាចំណុចមិនអាចព្រងើយដាក់បានទេ។ ខ្សែបម្រើ Andreas Pereira នឹងចេញពី Man Utd ទៅចូលរួម Lazio លើកិច្ចសន្យាខ្ចីមួយរដូវកាល ប៉ុន្តែនៅសល់កីឡាករក្រុមធំមួយចំនួនទៀតដែល Man Utd ចង់លក់ចេញ តែលក់មិនទាន់ដាច់។ តួយ៉ាង ខ្សែការពារកណ្ដាល Chris Smalling កំពុងហាត់ដាច់ដោយឡែកម្នាក់ឯង ខណៈការចរចារវាងក្លិបបិសាចក្រហមជាមួយ AS Roma នៅជាប់ទ្រឹង ដោយសារមិនត្រូវតម្លៃគ្នា។ Phil Jones និង Marcos Rojo ក៏កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ដូច Smalling៕