ព្រឹត្តិការណ៍ Copa America 2021 នឹងធ្វើឡើងក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) បានដកសិទ្ធិពីអាហ្សង់ទីន ប្រមាណ២សប្ដាហ៍មុនព្រឹត្តិការណ៍ចាប់ផ្ដើមនៅថ្ងៃទី១៣ខែមិថុនា។
CONMEBOL និយាយថាអាហ្សង់ទីនត្រូវបានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះដោយសារកាលៈទេសៈបច្ចុប្បន្ន ដែលប្រទេសនេះកំពុងមានកំណើនឆ្លងជំងឺកូវីដ១៩យ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។
កីឡដ្ឋានសម្រាប់ទទួលការប្រកួតនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ប្រេស៊ីល ជាក្រុមការពារជើងឯក បន្ទាប់ពីបានឈ្នះពានក្នុងឆ្នាំ២០១៩។ Copa America 2021 នេះជាព្រឹត្តិការណ៍លើកទី៤៧។ ដំបូងឡើយត្រូវធ្វើក្នុងឆ្នាំ២០២០ ដែលជាការកែប្រែរបស់ CONMEBOL ក្នុងការរៀបចំពានរង្វាន់៤ឆ្នាំម្ដងនេះនៅក្នុងឆ្នាំគូឱ្យដូចគ្នានឹង Euro។ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ ទើបផ្អាកមួយឆ្នាំ លើកមកធ្វើក្នុងឆ្នាំ២០២១នេះវិញ។
CONMEBOL បានថ្លែងអំណរគុណចំពោះប្រធានាធិបតីប្រេស៊ីល Jair Bolsonaro និងក្រុមការងារ ព្រមទាំងសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ចំពោះការបើកទ្វារចំហទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America 2021 បន្តពីអាហ្សង់ទីននិងកូឡុំប៊ីនេះ។
សូមរំឭកថា ដើមឡើយ អាហ្សង់ទីន ជាសហម្ចាស់ផ្ទះជាមួយ កូឡុំប៊ី ប៉ុន្តែកូឡុំប៊ីត្រូវបានដកសិទ្ធិកាលពីថ្ងៃទី២០ខែឧសភា ដោយសារបាតុកម្មកើតមានឡើងទូទាំងប្រទេសប្រឆាំងនឹងប្រធានាធិបតីរបស់ពួកគេ។ បន្ទាប់មក អាហ្សង់ទីន ត្រូវបានដកសិទ្ធិនៅថ្ងៃទី៣១ខែដដែល ដោយសារការឆ្លងរាលដាលកូវីដ១៩ខ្លាំង ស្របពេលមានការជំទាស់ខ្លាំងឡើងៗទាំងក្នុងនិងក្រៅប្រទេសចំពោះការរៀបចំព្រឹត្តិការណ៍នេះនៅអាហ្សង់ទីន។
កាលពីថ្ងៃទី២២ខែឧសភា អាហ្សង់ទីន បានបិទខ្ទប់ប្រទេសជាថ្មីរយៈពេល៩ថ្ងៃ បន្ទាប់ពីមានករណីឆ្លង៣៥០០០នាក់រៀងរាល់ថ្ងៃក្នុងសប្ដាហ៍នោះ។
ដោយឡែក ប្រធានាធិបតីប្រេស៊ីល ក៏រងការរិះគន់ចំពោះវិធានការគ្រប់គ្រងជំងឺកូវីដ១៩ដែរ ដោយសារមានអ្នកឆ្លងច្រើន។ ប្រេស៊ីល ជាប្រទេសមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនបំផុតទី២ក្នុងពិភពលោកបន្ទាប់ពីអាមេរិក គឺជិត៤៦០០០០នាក់ហើយ។ ប្រទេសនេះក៏មានអ្នកឆ្លងច្រើនជាងគេបំផុតទី៣ក្នុងពិភពលោក គឺជាង១៦លាននាក់៕