ខ្លាចាស់ភ្នំដងរ៉ែក ចាន់ សំអាត រំពឹងថារយៈពេល២ខែទៀត នឹងអាចចាប់ផ្ដើមហ្វឹកហាត់ ត្រៀមបង្ហាញមុខឡើងវិញ ខណៈរបួសឆ្អឹងប្រអប់ដៃ កំពុងសះស្បើយច្រើន ទៅហើយ។
អ្នកប្រយុទ្ធចិត្តមោះមុត ដែលតែងបង្ហាញភាពរឹងមាំលើការតស៊ូក្នុងអាជីព ចាន់ សំអាត ឲ្យ AMS Sports ដឹងថា របួសដៃបានសះស្បើយប្រមាណ៨០ភាគរយ និងកំពុងប្រសើរឡើងជារៀងរាល់ថ្ងៃ។ សំអាត ក៏កំពុងនឹករលឹក ការឡើងសង្វៀនជាខ្លាំង ក្នុងអំឡុងពេលសម្រាកមើលថែរបួសនេះ។ «ដៃខ្ញុំបានប្រហែល៨០ភាគរយហើយ ខ្ញុំគិតថា២ខែទៀតនឹងអាចហាត់ និងប្រកួតវិញ។ រាល់ថ្ងៃខ្ញុំមិនមានអ្វីធ្វើទេ គឺនៅផ្ទះ»។ នេះជាការបញ្ជាក់របស់ សំអាត។
របួសឆ្អឹងប្រអប់ដៃ ចាន់ សំអាត បានកើតឡើងកាលខែ កក្កដា ក្នុងការប្រកួតដ៏ជក់ចិត្តបំផុត តទល់គីងកុងគុនខ្មែរ អេលីត សាន់។ ចាន់ សំអាត បានរងការប៉ះទង្គិចមានបញ្ហាឆ្អឹងដៃនៅទឹក៣ មុនផ្ដួលកូនសិស្សលោក ស៊ន អេលីត ដោយស្នៀតជង្គង់ក្នុងទឹក៤ ៕