«១ដុល្លារសម្រាប់កុមារកម្ពុជា រឺ Onedollarchallengeforcambodianchildren» ដែលជាយុទ្ធនាការ កៀរគថវិកា ដល់កម្មវិធី រត់ដើម្បីសម្បុរសធម៌ជាមួយសាយ កំពុងផ្ទុះកក្រើកលើបណ្ដាញសង្គមនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលកីឡាករ និង គ្រូបង្វឹកគុនខ្មែរល្បីៗមួយចំនួន ក៏បានចូលរួមក្នុងហ្គេមដើម្បីបំផុសចលនា មនុស្សធម៌នេះផងដែរ។
ជើងខ្លាំង សែន រ៉ាដេត, ឃីម បូរ៉ា រួមនឹងគ្រូបង្វឹកសម្បូរប្រជាប្រិយភាពលោក ស៊ន អេលីត ជាដើម សុទ្ធតែជាបុគ្គលឆ្នើមគុនខ្មែរ ដែល បានចូលរួមបំផុស ហ្គេមនៃយុទ្ធនាការ សប្បុរសធម៌សម្រាប់កុមារកម្ពុជា ដែលជាក្ដីរំពឹងក្នុងការរួមចំណែកលើកទឹកចិត្តដល់ពលរដ្ឋកម្ពុជា ពួតដៃសម្រាប់ចលនាសប្បុរធម៌ដ៏ធំមួយនេះ។
កម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ បានចាប់ផ្ដើមតាំងពីថ្ងៃទី៦តុលា មកម៉្លេះ ដើម្បីរៃអង្គាសមូលនិធិសម្រាប់មន្ទីរពេទ្យកុមារអង្គរ ដែលជាទីរំពឹងនៃកុមារក្រីក្រ និងរងគ្រោះកម្ពុជា។ «១ដុល្លារសម្រាប់កុមារកម្ពុជា» ជាហ្គេមដែលបង្កើតឡើង ដើម្បីបំផុសការចូលរួមបរិច្ចាគ ដើម្បីសម្រេចគោលដៅប្រមូលមូលនិធិ ១០០០លានរៀល របស់ក្រុមកាងារកម្មវិធិ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ខណៈដែល មូលនិធិនេះ ទើបប្រមូលបានជាង ២០%ប៉ុណ្ណោះនៃគោលដៅ។
លោក អ៊ួន បឋម ហៅ សាយ ប្រធានក្រុម និងជាសកម្មជន ដែលកំពុងពុះពារក្នុងយុទ្ធធនាការរត់ពេញផ្ទៃប្រទេស ដ៏ប្រឈមមួយនេះ បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចូលរួមលេងហ្គេមនេះ ដើម្បីមន្ទីរពេទ្យកុមារអង្គរ និងដើម្បីកុមារកម្ពុជា។
ដើម្បីចូលរួមហ្គេមសប្បុរសធម៌មួយនេះ អ្នកចូលរួមលេងហ្គេម ឬសប្បុរសជន គ្រាន់តែបរិច្ចាគ១ដុល្លារ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ តាមរយៈ ABA App: 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions) រួច Screenshort Transactions ព្រមទាំងភ្ជាប់ជាមួយនឹងរូបថតរបស់លោកអ្នក Tag ទៅកាន់មិត្តភ័ក្ដិចំនួន១០នាក់ បន្តទៀត រួច Post នៅលើ Wall ជាការស្រេច។