អ្នកចាត់ការ Manchester City លោក Pep Guardiola និយាយថាក្លិបរបស់លោកពិតជាចាប់អារម្មណ៍និងចង់បានខ្សែប្រយុទ្ធ Harry Kane របស់ Tottenham Hotspur មែន ប៉ុន្តែចំពោះ Lionel Messi គឺមិនស្ថិតក្នុងការចង់បានរបស់ក្លិបមេឃខៀវឡើយ។
Man City ទើបតែបំពេញការផ្ទេរយកខ្សែបម្រើអង់គ្លេស Jack Grealish ពី Aston Villa ក្នុងតម្លៃ១០០លានផោន។ ប៉ុន្តែពួកគេត្រូវបានគិតថាមិនហ៊ានដល់ថ្លៃ១៦០លានផោនតាមការទាមទាររបស់ Spurs សម្រាប់ Kane ឡើយ។
លោក Pep និយាយថាករណី Grealish ខុសពី Kane នៅត្រង់ Grealish មានខបង់ផ្ដាច់កុងត្រាពី Aston Villa។ មួយទៀតលោកថា១០០លានផោនដែលបង់ផ្ដាច់កុងត្រា Grealish គឺ Man City ដកលុយហោប៉ោ៤០លានផោនប៉ុណ្ណោះ ខណៈ៦០លានផោនទៀតបានពីការលក់ចេញកីឡាករមួយចំនួននិងចំណែកលុយដែលបានពីការផ្ទេរ Sancho ពី Dortmund ទៅ Man Utd។
ចំណែក កិច្ចសន្យា Kane គ្មានខបង់ផ្ដាច់ទេ ដូច្នេះអាស្រ័យលើការចរចាគ្នា។ បើ Spurs ចង់ចរចា Man City និងក្លិបផ្សេងៗក្នុងលោកមុខជាចង់ចរចា ព្រោះចង់បាន Kane។ តែបើ Spurs មិនចង់ចរចាទេ បញ្ចប់ត្រឹមនេះចុះ លោកក៏គ្មានអ្វីនិយាយច្រើនជាងនេះដែរ។
ទាក់ទងនឹងរឿងរ៉ាវ Messi វិញ លោក Pep និយាយថាវាជារឿងភ្ញាក់ផ្អើលសម្រាប់គ្រប់គ្នា រួមទាំងលោកផង។ លោកថានៅពេលក្លិបមួយបាត់បង់ចំណូល៤៨៧លានផោនក្នុងមួយឆ្នាំ ការសម្រេចចិត្តដ៏លំបាកមួយត្រូវធ្វើឡើង។ ក្នុងនាមជាអ្នកគាំទ្រម្នាក់ លោកចង់ឃើញ Messi បញ្ចប់អាជីពនៅ Barcelona តែជាអកុសល អ្វីៗមិនមានចិរភាព។ លោកសូមអរគុណ Messi ដែលជាកីឡាករល្អបំផុតដែលលោកធ្លាប់ឃើញក្នុងជីវិត ចំពោះការជួយនាំ Barca ឡើងកម្រិត និងត្រួតត្រាពិភពលោករយៈពេល១ទសវត្សរ៍។
អតីតអ្នកចាត់ការ Barcelona និង Bayern Munich បន្ថែមថា Man City បានចាយលុយលើ Grealish និងផ្ដល់លេខ១០ដល់រូបគេ ព្រោះក្លិបជឿជាក់លើគេ និងបានគិតថា Messi នឹងនៅជាមួយ Barca បន្តទៀត។ ប៉ុន្តែ នៅខណៈនេះ Messi មិនស្ថិតក្នុងគំនិតរបស់ Man City ឡើយ៕