ខ្សែការពារស្លាបដ៏សំខាន់២រូបរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស Kieran Trippier និង Ben Chilwell បានដកខ្លួនចេញពីជំរំក្រុមតោកំណាចមុនការប្រកួតពានរង្វាន់ UEFA Nations League ទល់ ដាណឺម៉ាក ម៉ោង១៖៤៥យប់ថ្ងៃពុធទី១៤ខែតុលាឆ្នាំ២០២០នេះក្រោមហេតុផលផ្សេងៗគ្នា។
ខ្សែការពារស្លាបស្ដាំ Trippier ដែលបានពាក់ស្លាកប្រធានក្រុមក្នុងការប្រកួតមិត្តភាពឈ្នះ វេលស៍ ៣-០ កាលពីថ្ងៃទី៨ខែតុលា និងបានចាប់ផ្ដើមការប្រកួតក្នុងជ័យជម្នះ២-១លើ បែលហ្ស៊ិក កាលពីថ្ងៃទី១១ខែតុលាកន្លងទៅនោះ បានដកខ្លួនពីការប្រកួតបន្ទាប់នេះ ដើម្បីទៅដោះស្រាយបញ្ហាផ្ទាល់ខ្លួនក្នុងសវនាការរបស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសពាក់ព័ន្ធករណីភ្នាល់។
អតីតសមាជិក Man City, Barnsley និង Burnley វ័យ២៩ឆ្នាំរូបនេះរងការចោទក្នុងខែឧសភាពីបទអាកប្បកិរិយាមិនត្រឹមត្រូវ ជុំវិញការផ្ទេររបស់គេពី Tottenham ទៅ Atletico Madrid ក្នុងតម្លៃ២១.៧លានផោនកាលពីខែកក្កដាឆ្នាំ២០១៩។ ប៉ុន្តែ Trippier ទទូចថាគេពុំដែលកេងចំណេញពីការភ្នាល់ក្នុងបាល់ទាត់ ឬក៏កេងចំណេញតាមរយៈការឱ្យនរណាភ្នាល់ជំនួសគេនោះឡើយ។
ចំណែក ខ្សែការពារស្លាបឆ្វេង Chilwell ដែលទើបផ្លាស់ចេញពី Leicester City ទៅចូលរួម Chelsea ក្នុងរដូវកាលថ្មីនេះ បានដកខ្លួនត្រលប់ទៅក្លិបវិញ ដោយសារបញ្ហារបួសដែលគេមានតាំងពីមុនមកចូលជំរំហ្វឹកហាត់របស់លោក Gareth Southgate។
អវត្តមានរបស់ Trippier និង Chilwell នឹងជាឱកាសសម្រាប់កីឡាករវ័យក្មេងរបស់ Arsenal គឺ Bukayo Saka និង Ainsley Maitland-Niles ដើម្បីលេងក្នុងជម្រើស១១នាក់របស់លោក Southgate៕
គូប្រកួត UEFA Nations League យប់ថ្ងៃពុធទី១៤ខែតុលាឆ្នាំ២០២០នេះ៖