អតីតខ្សែការពារ Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ Jerome Boateng ត្រូវបានតុលាការរកឃើញពិរុទ្ធភាព ពីបទវាយដំលើអតីតមិត្តស្រី Sherin S និងបង្គាប់ឲ្យបង់ប្រាក់ពិន័យ ១.៨លានអឺរ៉ូ។ តាមច្បាប់អំពើហិង្សាក្នុងគ្រួសាររបស់អាល្លឺម៉ង់ កីឡាករវ័យ៣៣ឆ្នាំរូបនេះ អាចត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់រយៈពេលប្រាំឆ្នាំ។
សូមរំឭកថាក្នុងឆ្នាំ២០១៨ អំឡុងពេលដើរលេងលម្ហែកាយ នៅតំបន់ការីបៀន Boateng និងអតីតមិត្តស្រីដែលជាម្តាយកូនភ្លោះរបស់គេ (មានកូនជាមួយគ្នា) បានឈ្លោះទាស់ទែងគ្នា។
នៅក្នុងសវនាការម្សិលមិញ ដើមចោទបាននិយាយ Boateng បានដាល់នាង, បោចសក់របស់នាង, ខាំក្បាលរបស់នាង ហើយថែមទាំងជេរប្រទេចនាងអំឡុងពេលឈ្លោះគ្នានោះ។ ចំណែក Boateng បានបដិសេធថាគេពុំបានបង្ករបួសស្នាមលើអតីតមិត្តស្រីរបស់គេនោះទេ ក៏ប៉ុន្តែសារភាពថាភាពតានតឹងអំឡុងពេលឈ្លោះគ្នានោះ បានឡើងខ្ពស់ ដោយសារតែអតីតមិត្តស្រីរបស់គេ ជេរប្រទេចមកលើរូបគេ និងបញ្ចេញសកម្មភាពកាចដាក់រូបគេ ដែលបណ្ដាលឱ្យគេរបួសបបូរមាត់។ គេបានព្យាយាមរុញនាងចេញឆ្ងាយហើយនាងក៏បានដួល។ គេថាគេបានគប់ខ្នើយទៅបុកនឹងតុ គេបាននិយាយថាគេគប់ខ្នើយទៅលើតុហើយក៏ប៉ះចំអំពូលបណ្ដាលឱ្យធ្លាក់ មកលើការ៉ូ។
Boateng ជាកីឡាករបាល់ទាត់ល្បីល្បាញម្នាក់ បច្ចុប្បន្នវ័យ៣៣ឆ្នាំ។ គេទើបតែបានចុះកិច្ចសន្យាជាមួយ Lyon ថ្មីៗនេះក្រោយចែកផ្លូវជាមួយ Bayern Munich ក្រោយរួមរស់១០ឆ្នាំ ឈ្នះ២២ពានរង្វាន់។ គេក៏បានឈ្នះពាន FA Cup ជាមួយ Man City ក្នុងរដូវកាល២០១០-១១ផងដែរ។