Skip to content
កីឡាកររកគ្រាប់បាល់ច្រើនបំផុតនៅលីគកំពូលកូរ៉េខាងត្បូង ប្រកាសព្យួរស្បែកជើង ក្នុងវ័យ៤១ឆ្នាំ
    ទំព័រដើម  »  កីឡាអន្តរជាតិ

កីឡាកររកគ្រាប់បាល់ច្រើនបំផុតនៅលីគកំពូលកូរ៉េខាងត្បូង ប្រកាសព្យួរស្បែកជើង ក្នុងវ័យ៤១ឆ្នាំ

ម្ចាស់កំណត់ត្រាគ្រាប់បាល់ច្រើនបំផុតនៅលីគកំពូលកូរ៉េខាងត្បូង K League 1 ខ្សែប្រយុទ្ធ Lee Dong-gook បានប្រកាសព្យួរស្បែកជើងពីអាជីពជាកីឡាករបាល់ទាត់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Jeonbuk Hyundai Motors បានប្រកាសពីការចូលនិវត្តរបស់ខ្លួននៅលើបណ្ដាញសង្គម ហើយការបង្ហាញខ្លួនចុងក្រោយនៅលើទីលានប្រកួតរបស់ កីឡាករវ័យ៤១ឆ្នាំរូបនេះ នឹងធ្វើឡើងនៅក្នុងជំនួបទល់នឹងក្រុម Daegu FC នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

សូមរំឭកថា Dong-Gook បានបង្ហាញខ្លួនក្នុងការប្រកួតនៅ K League ជាលើកដំបូង សម្រាប់ក្រុម Pohang Steelers នៅក្នុងឆ្នាំ ១៩៩៨ ដែលកាលនោះ លោកទើបមានអាយុ ១៩ឆ្នាំប៉ុណ្ណោះ ដោយរកគ្រាប់បាល់បាន ១១គ្រាប់ ក្នុងចំណោម២៤ប្រកួត និង ទទួលបានពានរង្វាន់កីឡាករចំណូលថ្មីល្អបំផុតប្រចាំឆ្នាំថែមទៀតផង។

ក្រោយមក ម្ចាស់កំណត់ត្រារកគ្រាប់បាល់ច្រើនបំផុតនៅលីគកំពូលកូរ៉េខាងត្បូង ត្រូវបានដាក់ឱ្យក្លិបអាល្លឺម៉ង់ Werder Bremen ខ្ចីនៅឆ្នាំ ២០០១ ហើយបន្ដអាជីពជាមួយក្លិបអង់គ្លេស Middlebrough នៅ Premier League ២រដូវកាលទៀត។

នៅឆ្នាំ ២០០៨ ខ្សែប្រយុទ្ធរូបនេះបានផ្លាស់មកក្លិប Seongnam Ilhwa Chunma មុនពេលចូលរួមជាមួយ Jeonbuk នៅឆ្នាំបន្ទាប់។ សម្រាប់ការចំណាយពេល១២ឆ្នាំ ជាមួយក្រុមជើងឯក K League ៧សម័យកាល រកគ្រាប់បាល់បាន ២០៧គ្រាប់ សម្រាប់ការបង្ហាញខ្លួន ៤៤២ប្រកួត។

សម្រាប់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងវិញ Dong-Gook ទទួលបានឱកាសចូលលេង ១០៥ប្រកួត និងរកគ្រាប់បាល់បាន ៣៣គ្រាប់ និងជួយពួកគេឡើងដល់វគ្គផ្ដាច់ព្រ័ត្រ  EAFF Championship ឆ្នាំ ២០១០៕