Skip to content
Sergio Ramos មិនចូលនិវត្តពីជម្រើសជាតិទេ ដរាបណានៅមានកម្លាំងអាចលេងបាន
    ទំព័រដើម  »  កីឡាអន្តរជាតិ

Sergio Ramos មិនចូលនិវត្តពីជម្រើសជាតិទេ ដរាបណានៅមានកម្លាំងអាចលេងបាន

ប្រធានក្រុម​ Sergio Ramos បាននិយាយថា រូបគេមិនមានបំណងចូលនិវត្តពីជម្រើសជាតិអេស្ប៉ាញនោះទេ ដរាបណារាងកាយរបស់គេ នៅតែអាចផ្ដល់លទ្ធភាពឱ្យបន្ដនៅលេងបាន។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ បានបំបែកកំណត់ត្រាកីឡាករដែលបង្ហាញវត្តមានច្រើនបំផុត ១៧៧ប្រកួតសម្រាប់ក្រុមជម្រើសជាតិនៅទ្វីបអឺរ៉ុប ហើយខ្សែការពាររូបនេះ រំពឹងថាអាចនឹងបានលេងច្រើនប្រកួតបន្ថែមទៀត។

មុនការប្រកួត UEFA Nations League ទល់នឹងក្រុមអាល្លឺម៉ង់ ប្រធានក្រុមគោជល់អេស្ប៉ាញរូបនេះ បាននិយាយថា៖ “ខ្ញុំនឹងលេងរហូតដល់ រាងកាយ និង ក្បាលរបស់ខ្ញុំលែងទៅរួច។ ដរាបណាខ្ញុំនៅមានសេចក្ដីប្រាថ្នា ពេលនោះខ្ញុំនឹងនៅបន្ដទៀត”។

ឆ្លងកាត់៥ប្រកួតនៅ Nations League ក្រុមអេស្ប៉ាញទទួលបាន៨ពិន្ទុស្ថិតនៅចំណាត់ថ្នាក់លេខពីរ ក្នុងតារាងនៃពូល A4 មានគម្លាត១ពិន្ទុពីក្រុមកំពូលតារាងអាល្លឺម៉ង់ ហើយប្រសិនបើក្រុមរបស់លោក Luis Enrique អាចយកឈ្នះក្រុមជើងឯក World Cup 2014 បាននោះពួកគេអាចឈានទៅ កាន់វគ្គ៤ក្រុមចុងក្រោយបាន។

Ramos បានបន្ថែមថា វាជាឱកាសមួយសម្រាប់ក្រុមរបស់ខ្លួនក្នុងការបង្ហាញនូវអ្វីដែលពួកគេអាចធ្វើបាន និង ជាការលួងចិត្តអ្នកគាំទ្រ បន្ទាប់ពីខ្សែការពាររូបនេះ ស៊ុតប៉េណាល់ទីមិនចូលពីរលើក ក្នុងជំនួបទល់នឹងស្វីស ដែលបញ្ចប់ក្នុងលទ្ធផល ១-១៕