គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo បានប្រកាសបញ្ជីកីឡាករ៣០រូប សម្រាប់ត្រៀមប្រកួត AFF Suzuki Cup នៅក្នុងខែធ្នូនេះ ប៉ុន្ដែមិនមានវត្តមានកីឡាករឆ្នើមវ័យក្មេង៥រូប។
កីឡាករដែលមិនជាប់នៅក្នុងបញ្ជីក្រុមវៀតណាមមានដូចជា ខ្សែបម្រើ Ly Cong Hoang Anh, ខ្សែការពារស្លាបស្ដាំ Le Van Do, ខ្សែប្រយុទ្ធ Pham Tuan Hai , អ្នកចាំទី Pham Van Cuong និងជាពិសេសខ្សែប្រយុទ្ធ Ho Thanh Minh ដែលទើបរកគ្រាប់បាល់ជ័យជម្នះលើមីយ៉ានម៉ា និងធានាឱ្យក្រុមវៀតណាម ឆ្លងផុតវគ្គជម្រុះ AFC U23 Asian Cup។
ក្នុងចំណោមកីឡាករទាំង៣០រូបនោះ ក៏មានសមាជិកដែលបានជួយក្រុមឈ្នះ Suzuki Cup ឆ្នាំ២០១៨ ផងដែរ ដូចជា ប្រធានក្រុម Que Ngoc Hai, ខ្សែការពារ Bui Tien Dung, Do Duy Manh និង Tran Dinh Trong, ខ្សែបម្រើ Nguyen Quang Hai, Do Hung Dung, Luong Xuan Truong and Pham Duc Huy, ខ្សែប្រយុទ្ធ Nguyen Tien Linh និង Nguyen Cong Phuong ជាដើម។
ក្រុមរបស់លោក Park ត្រូវធ្វើដំណើរទៅសិង្ហបុរីនៅថ្ងៃទី១ ខែធ្នូនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដោយស្ថិតនៅក្នុងពូល B ជាមួយ ឡាវ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងកម្ពុជា៕