Skip to content
Grealish ទម្លាយ​ថា​ប៊ិះ​ចូល​រួម Man Utd ទៅ​ហើយ មុន​ពេល​ចុះ​កិច្ចសន្យា​ជាមួយ Man City
    ទំព័រដើម  »  កីឡាជាតិ

Grealish ទម្លាយ​ថា​ប៊ិះ​ចូល​រួម Man Utd ទៅ​ហើយ មុន​ពេល​ចុះ​កិច្ចសន្យា​ជាមួយ Man City

ខ្សែ​បម្រើ​ប្រយុទ្ធ Jack Grealish បាន​ទម្លាយ​រឿង​សម្ងាត់​មួយ​ក្នុង​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Telegraph ដោយ​និយាយ​ថា​គេ​កៀក​នឹង​ចូល​រួម Manchester United ទៅ​ហើយ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​២០២០ ប៉ុន្តែ​ទី​បំផុត​បែរ​ជា​គ្មានអ្វី​កើត​ឡើង​។

Grealish អាច​វិល​ទៅ​ប្រកួត​ទល់​នឹង​ក្រុម​ចាស់​របស់​គេ​ជា​លើក​ដំបូងនៅ​រាត្រី​ថ្ងៃ​ពុធ​ទី​១​ខែធ្នូ​ឆ្នាំ​២០២១​នេះ នៅ​ពេល Manchester City ទៅ​សួរសុខទុក្ខ Aston Villa ម៉ោង​៣៖១៥​យប់ ម៉ោង​កម្ពុជា​។

កីឡាករ​ជម្រើស​ជាតិអង់គ្លេស​វ័យ​២៦​ឆ្នាំ បានចេញ​ពី​ Aston Villa ទៅ​ចូល​រួម Man City ក្នុង​រដូវក្ដៅ​២០២១​នេះ​ក្នុង​តម្លៃ​​ផ្ដាច់កុងត្រា​១០០​លាន​ផោន​។ Grealish ​ដុះដាលចេញពី​ថ្នាល Aston Villa ផ្ទាល់ ​និង​បាន​រួមរស់​ជាមួយ​ក្លិប​នេះ​តាំង​ពី​២០០១​រហូត​ដល់​២០២១​។

គេ​បាន​រងរបួស​តាំង​ពី​ពេល​ក្រុម​ជម្រើស​ជាតិ​ប្រមូលផ្ដុំ​​លើក​ចុង​ក្រោយ​បង្អស់​នេះ ប៉ុន្តែ​គេ​បាន​ត្រលប់​មក​ហ្វឹកហាត់​ឡើង​វិញ​ហើយ ហើយអ្នកចាត់ការ Man City លោក Pep Guardiola ​បង្ហើប​តម្រុយ​ថា Grealish អាច​បង្ហាញ​វត្តមាន​នៅ​កីឡដ្ឋាន​ Villa Park​ ដែល Grealish រំពឹង​ថា​នឹង​ទទួល​បាន​ការ​ស្វាគមន៍​ល្អ​មួយ​ពី​ក្លិប​ចាស់​របស់​គេ​។

Grealish និយាយ​ថា​​គេ​អ្នក​មក​ពី​តំបន់​ Solihull ដែល​ស្រលាញ់​ក្លិប Aston Villa​។ ទោះបី​គេ​ផ្ទេរ​​ចេញពី​ក្លិបនេះ​ទៅ​ហើយ​ក្ដី​ តែ​គេ​នៅ​តែ​ជា Jack Grealish ដដែល និង​នៅ​ស្រលាញ់​ក្លិបនេះ​ពេញ​មួ​យ​ជីវិត​​។ ​យប់នេះ បើ​​គេ​បាន​ចូល​លេង​ ហើយ​​ស៊ុត​ចូល Aston Villa គេ​នឹង​មិន​អបអរ​គ្រាប់​បាល់​ឡើយ​។

ដោយឡែក ទាក់ទង​នឹង Manchester United, Grealish ​បាន​​ទម្លាយ​ថា​គេ​ពិត​ជា​ប៊ិះ​ចូល​រួម ក្លិបនេះ​ទៅ​ហើយ​ក្នុង​រដូវ​ក្ដៅ​២០២០​។ គេ​បាន​និយាយ​ថា​កាលណោះ គេ​លេង​ pre-season ទល់​នឹង Man Utd នៅ​ថ្ងៃ​សៅរ៍ ហើ​យ​នៅ​ក្រោយ​ការ​ប្រកួត​នោះ គេ​បាន​ប្រាប់​លោក Purslow ប្រធាន​ប្រតិបត្តិ​ Aston Villa និង​ភ្នាក់ងារ​របស់គេ David Manasseh ថា​បើ​គេ​មិន​បានចេញ​ក្នុង​រដូវ​ក្ដៅ​នោះ​ទេ គេ​នឹង​ស៊ីញេ​កិច្ចសន្យា​ថ្មី​។ ទីបំផុត​ គ្មាន​អ្វី​កើត​ឡើង​ជាមួយ Man Utd ហើយនៅថ្ងៃ​អង្គារ​សប្ដាហ៍​បន្ទាប់ គេ​បាន​ស៊ីញេ​កិច្ចសន្យា​ថ្មី​ជាមួយ Villa ដោយ​បញ្ចូល​តម្លៃ​បង់ផ្ដាច់​១០០​លានផោន ដែល​ជា​លក្ខខណ្ឌ​ឈ្នះ-ឈ្នះ ព្រោះ​បើ​មាន​ក្លិប​ណា​ហ៊ាន​ចំណាយ Villa នឹង​បានចំណូល​១០០​លាន​ផោន ហើយ​ក៏​មានន័យ​ថា​គេ​​លេងបានល្អ​ខ្លាំង​ដែរ ទើប​មានក្លិប​ហ៊ាន​បង់​១០០​លានផោន​ដើម្បី​នាំ​យក​រូប​គេ​ចេញពី Villa​។

បន្ថែម​លើ​នេះ Grealish និយាយ​ថា​គេ​សង្ឃឹម​ថា​នៅ​ថ្ងៃ​ណាមួយ​គេ​អាច​ត្រលប់ទៅ Villa វិញ ​ក្នុងរបៀប​ស្រដៀង​នឹង​អ្វីដែល Ashley Young ​បាន​ធ្វើ​៕

ប្រភព៖ Telegraph