ក្រោយការចូលនិវត្តន៍របស់ Sergio Aguero ដោយសារបញ្ហាបេះដូងត្រូវបានធ្វើឡើងកាលថ្ងៃពុធទី១៥ខែធ្នូឆ្នាំ២០២១ Barcelona បានបាត់បង់កម្លាំងដ៏សំខាន់មួយក្នុងតំណែងប្រយុទ្ធដែលពួកគេកំពុងយ៉ាប់យ៉ឺនស្រាប់។
លោក Xavi Hernandez ដែលជាគ្រូបង្គោល ឥឡូវនេះប្រឈមមុខនឹងទីផ្សាររដូវរងាក្នុងខែមករាជាឱកាសមួយដើម្បីស្វែងរកអ្នកប្រយុទ្ធច្បាស់ទីម្នាក់មកពង្រឹងក្រុមឡើងវិញ។
ក្នុងចំណោមកីឡាករដែលត្រូវបានភ្ជាប់នឹង Barcelona ថ្មីៗនេះគឺ Ferran Torres របស់ Manchester City និង Christian Pulisic របស់ Chelsea។
Torres ត្រូវបានរាយការណ៍ថាសុខចិត្តកាត់ប្រាក់ខែថែមទៀតផងដើម្បីមកចូលរួម Barcelona ខណៈ Pulisic កម្រមានឱកាសលេងក្នុងជម្រើសដំបូងនៅ Chelsea រដូវកាលនេះ។ ហើយបើគេលែងមានបញ្ហារបួសអ្វីទៀតនោះ គេមុខជាអាចបានលេងជាប់លាប់នៅ Barca បើគេមកចូលរួមលើកិច្ចសន្យាខ្ចី។
នៅមានកីឡាករមួយចំនួនទៀតដែលអាចផ្ទេរមក Barca។ ក្នុងនោះ Erling Haaland ជាជម្រើសដ៏រំភើបបំផុតមួយ ថ្វីបើមានការប្រកួតប្រជែងច្រើនដើម្បីយកខ្សែប្រយុទ្ធន័រវេសរូបនេះពី Borussia Dortmund។
ជម្រើសជំនួសក្នុងខែមករាខាងមុខ អាចជា Edinson Cavani ដែលលែងសូវមានឱកាសលេងក្នុងក្រុម Manchester United រដូវកាលនេះក្រោយការមកដល់របស់ Cristiano Ronaldo។
សារព័ត៌មាន Marca បានលើកជម្រើសមួយទៀតដែល Barca អាចពិចារណាគឺខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនវ័យ២១ឆ្នាំ Julian Alvarez ដែលរកបាន២២គ្រាប់និងអាស៊ីស១៤ដងសម្រាប់ River Plate មកទល់ពេលនេះ៕
ប្រភព៖ Marca