យោងតាមរបាយការណ៍របស់ FIFA ដែលបានចេញផ្សាយថ្ងៃពុធទី១៥ខែធ្នូ ភ្នាក់ងាររបស់កីឡាករបាល់ទាត់ រកបានចំណូល៤៥២,១៦លានអឺរ៉ូ (ជាង៥១១លានដុល្លារអាមេរិក)ក្នុងឆ្នាំ២០២១នេះ។
មានការផ្ទេរកីឡាករអាជីពចំនួន១៧.៩៤៥ដងក្នុងប្រព័ន្ធគ្រប់គ្រងការផ្ទេរ (TMS) របស់ FIFA ដោយក្នុងនោះការផ្ទេរ៣៥៤៥លើកធ្វើឡើងដោយពាក់ព័ន្ធជាមួយភ្នាក់ងារយ៉ាងហោចម្នាក់។
ក្លិបបាល់ទាត់ក្នុងទ្វីបអឺរ៉ុបចំណាយដល់ទៅ៩៥,៨%នៃកម្រៃជើងសារ៤៥២លានអឺរ៉ូក្នុងឆ្នាំ២០២១នេះសម្រាប់ភ្នាក់ងារ។ ក្នុងចំណោមនោះ ក្លិបក្នុងប្រទេសអង់គ្លេសចាយច្រើនជាងគេគឺដល់ទៅ១១៧,៩៦លានអឺរ៉ូ, ទី២ ក្លិបអាល្លឺម៉ង់ចាយអស់៧៤,៧៧លានអឺរ៉ូ, ទី៣ ក្លិបអ៊ីតាលី ចាយអស់៦៥លានអឺរ៉ូ, បន្ទាប់មក ក្លិបអេស្ប៉ាញ ចាយអស់៣០,៨លានអឺរ៉ូ ខណៈក្លិបបារាំងនិងក្លិបព័រទុយហ្គាល់ចាយអស់២៦លានអឺរ៉ូរៀងៗខ្លួនលើភ្នាក់ងារក្នុងឆ្នាំនេះ។
គួរកត់សម្គាល់ផងដែរថា នេះជាឆ្នាំទី២ជាប់គ្នាដែលការចាយលុយសរុបលើការផ្ទេរបានធ្លាក់ចុះ គឺធ្លាក់ចុះ១៣,៩%បើធៀបនឹងលុយចំណាយលើការផ្ទេរកីឡាករក្នុងឆ្នាំ២០២០។ ប៉ុន្តែបើនិយាយពីលុយដែលចាយលើភ្នាក់ងារវិញ កើនឡើង០,៧%ធៀបនឹងឆ្នាំមុន។
យោងតាមរបាយការណ៍របស់ FIFA ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ការចាយលុយលើភ្នាក់ងារគឺមានចំនួនដល់ទៅ៣,១ពាន់លានអឺរ៉ូ។
ការផ្ទេរកីឡាការិនីក៏ពាក់ព័ន្ធនឹងភ្នាក់ងារច្រើនជាងមុនដែរ គឺកើន១២,៩%បើធៀបនឹងតួលេខឆ្នាំ២០២០។
តាំងពី២០១៧មក FIFA បាននិងកំពុងធ្វើការដើម្បីបង្កើតប្រព័ន្ធផ្ទេរមួយដែលមានយុត្តិធម៌ជាងមុន និងមានតម្លាភាពជាងមុន តាមរយៈការកំណត់ចំនួនទឹកប្រាក់កម្រៃជើងសារសម្រាប់ភ្នាក់ងារដោយមិនឱ្យលើសពី៦%នៃតម្លៃសរុបនៃកិច្ចព្រមព្រៀងផ្ទេរ និងគ្រប់គ្រងកម្រៃជើងសារទាំងនោះក្នុងប្រព័ន្ធច្បាស់លាស់មួយ ដោយត្រូវឆ្លងកាត់ FIFA ជាមុនសិន មុនដល់ដៃភ្នាក់ងារ គឺខុសពីបច្ចុប្បន្ន ដែលភ្នាក់ងារទទួលលុយដោយផ្ទាល់ពីក្លិប។ និងមានចំណុចមួយចំនួនទៀតដែល FIFA កំពុងកែប្រែ ហើយ ផែនការនេះត្រូវបានគ្រោងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២២តទៅ។
ភ្នាក់ងារល្បីៗដូចជា Mino Raiola, Jonathan Barnett និង Pedro Bravo ជាដើម បានបង្ហាញជំហរជំទាស់នឹងកំណែទម្រង់ខាងលើរបស់ FIFA ដោយសារវាប្រឆាំងនឹងច្បាប់ទីផ្សារសេរី ហើយពួកគេគ្រោងប្ដឹងទៅតុលាការសហភាពអឺរ៉ុបដើម្បីពិនិត្យបញ្ហានេះ៕
ប្រភព៖ Marca