ក្លិបលីគកំពូលថៃ BG Pathum United បានតែងតាំងនាយកបច្ចេកទេស Surachai Jaturapattarapong ជាគ្រូបង្គោលស្ដីទី បន្ទាប់ពីចែកផ្លូវគ្នាជាមួយលោក Dusit Chalermsan។
អតីតកីឡាករក្រុមបាល់ទាត់ជម្រើសជាតិថៃលោក Surachai វ័យ៥២ឆ្នាំ នឹងដឹកនាំក្រុមទន្សាយរហូតដល់ចប់រដូវកាលនេះ បើយោងតាមការប្រកាសរបស់ក្លិប។
អតីតគ្រូបង្គោលលោក Dusit បានដឹកនាំ BG ឈ្នះជើងឯក Thai League 1 ដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ក្លិបកាលពីឆ្នាំ២០២១ ប៉ុន្ដែលោកត្រូវបានជំនួសដោយគ្រូបង្គោលអូស្ដ្រាលី Aurelio Vidmar។ លោក Dusit ក្រោយមកបានទៅដឹកនាំ Port FC ជាលើកទី២។ ប៉ុន្មានខែក្រោយមកលោក បានចែកផ្លូវគ្នាជាមួយក្លិប ក្រោយទទួលបានលទ្ធផលមិនល្អច្រើនប្រកួតជាប់គ្នា។
កាលពីចុងឆ្នាំមុន BG បានសម្រេចនាំយករូបលោកមកដឹកនាំក្រុមជាថ្មី ជំនួសលោក Vidmar នៅពេលដែលក្រុមទន្សាយកំពុងមានការប្រកួតប្រជែងក្នុងការរក្សាតំណែងជើងឯក។
តែគួរឱ្យស្ដាយ ការដឹកនាំរបស់លោក Dusit នៅ BG បានតែរយៈពេល៦២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកមិនអាចដឹកនាំក្រុមយកជ័យជម្នះ៦ប្រកួតចុងក្រោយ ដោយស្មើ៣លើក និងចាញ់៣លើក។
បច្ចុប្បន្ន BG Pathum ឈរនៅលេខ៥ក្នុងតារាងលីគកំពូលថៃ ដោយមានគម្លាត៦ពិន្ទុពីក្រុមកំពូលតារាង Buriram United។
គ្រូបង្គោលស្ដីទីរបស់ Pathum លោក Surachai ជាគ្រូបង្គោលថៃដំបូងបង្អស់ដែលកាន់សញ្ញាបត្រ័ Pro-license ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងដឹកនាំ Pathum ប្រកួតដំបូងក្នុងជំនួប FA Cup ទល់នឹង Port FC៕