Fulham បន្ដត្រួតត្រានៅលីគទី២អង់គ្លេស ដោយបន្ដការទទួលបានជ័យជម្នះនិងឈរនៅកំពូលតារាង Championship ដោយមានគម្លាតនាំមុខ៥ពិន្ទុ ក្រោយយកឈ្នះ Birmingham City ៦-២ នៅកីឡដ្ឋាន Craven Cottage។
គ្រាប់បាល់ទាំង៦គ្រាប់របស់ Fulham ក្នុងប្រកួតនេះបានពីការធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារក្រុម Birmingham កីឡាករ Marc Roberts ការរកគ្រាប់បាល់បញ្ចូលទីដោយ Fabio Carvalho ពីរគ្រាប់ រួមជាមួយគ្រាប់បាល់របស់ Neeskens Kebano, Tom Cairney និង Antonee Robinson ខណៈ Birmingham រកបានពីរគ្រាប់ដោយ Ivan Sunjic និង Gary Gardner។
សម្រាប់ពីរប្រកួតកន្លងមក Fulham យកឈ្នះគូប្រកួតច្រើនៗគ្រាប់ដោយបំបាក់ Bristol City ៦-២ កាលពីថ្ងៃអាទិត្យ និងបានយកឈ្នះ Reading ៧-០ ធ្វើឱ្យពួកគេក្លាយជាក្រុមអង់គ្លេសដំបូងដែល មានលទ្ធភាពរកគ្រាប់បាល់យ៉ាងតិច៦គ្រាប់ក្នុងមួយប្រកួត ៣លើកជាប់គ្នា ជាកំណត់ត្រាចាស់ធ្វើបានដោយ Chester City ក្នុងរដូវកាល ១៩៣៣-៣៤។
គ្រាប់បាល់ចុងក្រោយរបស់ Fulham ក្នុងការប្រកួតនៅនាទី៩០+៣ កាលពីថ្ងៃអង្គារនេះជាគ្រាប់បាល់ទី៧០របស់ពួកគេពីការលេង២៦ប្រកួតក្នុងក្របខណ្ឌ Championship រដូវកាលនេះ។
អ្នកចាត់ការ Marco Silva បានថ្លែងប្រាប់ BBC Radio ថាក្រុមរបស់លោកមានការប្រឹងប្រែងខ្លាំង ដោយពួកគេយល់ពីរបៀបបង្កការលំបាកដល់គូប្រកួត ហើយពួកគេបង្ហាញពីគុណភាពដែលមានទាំងអស់នៅលើទីលាន។
លោកបន្ដថា៖ “យើងកំពុងបង្ហាញពីសមត្ថភាពដែលធ្វើបានក្នុងការប្រកួត ហើយខ្ញុំពិតជារំភើបណាស់ដែលបានឃើញបែបនេះ។ ថ្ងៃនេះយើងបានបង្ហាញពីគុណភាព បង្ហាញថាយើងកាន់តែប្រសើរឡើង និងបានបង្ហាញថា កីឡាកររបស់យើងក៏មានទំនុកចិត្តផងដែរ”។
“ប៉ុន្ដែយើងត្រូវតែធ្វើចិត្តឱ្យត្រជាក់ក្នុងពេលដំណាលគ្នានេះ និងអត់ធ្មត់ជាក្រុមទោះបីជាបាន៣ពិន្ទុ និងរកគ្រាប់បាល់ដ៏អស្ចារ្យម្ដងទៀតក៏ដោយ ការប្រកួតបន្ទាប់នឹងមកដល់ ហើយនឹងពិបាកសម្រាប់យើង”។
សូមរំឭកថា Fulham បានជ្រុះចេញពីក្របខណ្ឌ Premier League ក្រោយចប់រដូវកាលមុន ជាមួយ West Bromwich Albian និង Sheffield United៕