ការប្រកួតលីកបាល់ទះដ៏ថ្មីមួយដែលមានឈ្មោះថា Ganzberg Special Volleyball League គ្រោងចាប់ដំណើរការឡើងនៅខែមីនា បន្ទាប់ពីបានបើកសន្និសីតប្រកាសកម្មវិធីក្នុងរាជធានាភ្នំពេញ នៅរសៀលថ្ងៃទី២៣កុម្ភៈ។ នេះជាការប្រកួតលីក ដែលវាយ៤ទល់៤ជាលើកដំបូង ដោយប្រើបច្ចេកទេសស្តង់ដារ។
ក្រុមអ្នកជំនាញបានលើកឡើងថា នេះជាកម្មវិធីដ៏ថ្មី ដែលនឹងបើកឱកាសយ៉ាងទូលំទូលាយ សម្រាប់ក្រុមមហាជន ក៏ដូចជាកីឡាករអាជីពៗ ទទួលបានបទពិសោធនៃការប្រកួតឲ្យ កាន់តែសម្បូរបែបថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាព។
លោក អាំង សេរិពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បង្ហាញក្ដីរីករាយជាខ្លាំង ដែលវិស័យឯកជនបានផ្ដួចផ្ដើមឲ្យមានការប្រកួតបែបនេះឡើង។ ជាមួយគ្នានេះ លោកថាសហព័ន្ធបាល់ទះកម្ពុជា នឹងគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្របសម្រួលនានា ពិសេសការបញ្ចូលមន្ត្រីអាជ្ញាកណ្ដាលឲ្យចូលបំពេញកាងារ ដើម្បីឲ្យប្រកួតដំណើរទៅតាម លក្ខណៈបច្ចេកទេសយ៉ាងត្រឹមត្រូវ។
អគ្គលេខាធិកាដែលទើបឡើងកាន់តំណែងរូបនេះ បង្ហាញជំនឿចិត្ត លីកបាល់ ៤ទល់៤ មួយនេះ មិនត្រឹមតែជាឱកាសសម្រាប់ការប្រកួតដើម្បីអនុវត្តបច្ចេកទេសនោះទេ តែក៏នឹងទាក់ទាញឲ្យក្រុមបាល់ទះមហាជន ដែលកំពុងពេញនិយមលេងតាមតារានានា ងាកមកលេងដោយបច្ចេកទេសត្រឹមត្រូវ។ លោកថានេះជំហានមួយក្នុងការប្រមូល និងផលិតធនធានកីឡាករសម្រាប់កម្ពុជាផងដែរ។
តាមគម្រោង លីកបាល់ទះ ៤ទល់៤ Ganzberg Special Volleyball 2012 នឹងបើកទទួលក្រុមឲ្យដាក់ពាក្យប្រកួតប្រជែងសរុប ១២ក្រុម។ កម្មវិធីនេះ នឹងដំណើរការទៅតាម រូបមន្តប្រកួតវិលជុំ សន្សំពិន្ទុ ដើម្បីចម្រាញ់យក ៤ក្រុមកំពូលតារាង ឡើងទៅកាន់វគ្គ PlayOff។ ការប្រកួតរៀងរាល់សប្ដាហ៍ នឹងធ្វើឡើងនៅ ពហុកីឡដ្ឋានព្រីន ក្នុងរាជធានីភ្នំពេញ ដោយនឹងនឹងចាប់ផ្ដើមឡើងពី ខែ មីនា ដល់ខែ កក្កដា។