ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឧបត្ថម្ភ“ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស (Go For Gold) ” ក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃសុក្រទី១០ខែមិថុនាឆ្នាំ២០២២ បានផ្តល់រង្វាន់ដល់អត្តពលិកមេដាយមាសស៊ីហ្គេមលើកទី៣១ រួមជាមួយ គ្រូបង្វឹក និងប្រតិភូគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ក្នុងចំនួនទឹកប្រាក់សរុបស្មើនឹង ៨៨.០០០ (ប្រាំបីម៉ឺនប្រាំបីពាន់) ដុល្លារអាមេរិក។
តួលេខប្រាក់រង្វាន់របស់ណាហ្គាវើលដ៍សម្រាប់អត្តពលិកមេដាយមាសស៊ីហ្គេមលើកនេះច្រើនជាងលើកមុនៗ ដ្បិតកម្ពុជាបានបំបែកកំណត់ត្រាផ្ទាល់ខ្លួនដោយរកបានមេដាយមាសសរុប៩គ្រឿងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ក្នុងប្រទេសវៀតណាម ខណៈកាលពីស៊ីហ្គេមឆ្នាំ២០១៩នៅហ្វ៊ីលីពីន ណាហ្គាវើលដ៍បានឧបត្ថម្ភដល់អត្តពលិកមេដាយមាសសរុប ៣៦.០០០$ (បីម៉ឺនប្រាំមួយពាន់ដុល្លារអាម៉េរិក)។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ដែលជាឆ្នាំយុទ្ធសាស្ត្ររបស់កម្ពុជាត្រៀមស៊ីហ្គេម២០២៣នោះ កម្ពុជា ដណ្ដើមបានមេដាយសរុប៦៣គ្រឿង ដែលជាការរកបានមេដាយច្រើនបំផុតបំបែកឯតទគ្គកម្មផ្ទាល់ខ្លួន។ ក្នុងនោះមានមេដាយមាស ៩ គ្រឿង, ប្រាក់ ១៣ គ្រឿង, និងសំរឹទ្ធិ ៤១ គ្រឿង។ កាលពីស៊ីហ្គេមលើកទី៣០ ក្នុងឆ្នាំ២០១៩ កម្ពុជាបានឈ្នះមេដាយមាស ៤ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរឹទ្ធិ ៣៦ គ្រឿង។
មេដាយមាសទាំង ៩ គ្រឿងដែលកម្ពុជារកបានពីស៊ីហ្គេមលើកទី៣១ គឺក្នុងវិញ្ញាសាឃីកបុកស៊ីងប្រភេទទម្ងន់ ៥៧ គីឡូក្រាម, ប៉េតង់វាយគូចម្រុះបុរសនារី២នាក់ទល់២នាក់, ប៉េតង់៣នាក់ទល់៣នាក់នារី, តេក្វាន់ដូប្រភេទទម្ងន់ក្រោម៧៤គីឡូក្រាម, វ៉ូវីណាមសម្តែងការពារខ្លួនចម្រុះនារី១បុរស៣មានអាវុធ, វ៉ូវីណាមបុរសប្រភេទទម្ងន់៦៥គីឡូក្រាម, វ៉ូវីណាមសម្តែងជាក្រុមការពារខ្លួនកាំបិតធំបុរស២នាក់, ចំបាប់បុរសប្រភេទទម្ងន់១២៥គីឡូក្រាម និងប្រដាល់គុនខ្មែរទម្ងន់៦៣,៥គីឡូក្រាម។
ពិធីប្រគល់រង្វាន់ម្សិលមិញនេះ មានការចូលរួមពីគណៈអធិបតីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា “យើងខ្ញុំមានសុទិដ្ឋិនិយមជាខ្លាំងនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងនៅឆ្នាំក្រោយ។ មេដាយមាសកាលពីពេលថ្មីៗរបស់អត្តពលិករបស់យើង បានផ្តល់ជំនឿចិត្តថា ក្រុមកីឡារបស់យើង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងស្ថិតនៅក្នុងគន្លងមួយដ៏ត្រឹមត្រូវឆ្ពោះទៅរកជ័យជម្នះដ៏ត្រចះត្រចង់។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ដែលបាន និងកំពុងចូលរួមជួយឧបត្ថម្ភគាំទ្ររហូតដល់យើងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ជាច្រើននៅក្នុងការប្រកួតលើឆាកអន្តរជាតិ”។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងឧបត្ថម្ភ“ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស” ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាប់ផ្តើមក្នុងឆ្នាំ២០១១។ ក្នុងកិច្ចព្រមព្រៀងនោះ ណាហ្គាវើលដ៍នឹងផ្តល់រង្វាន់ជាទឹកប្រាក់ដល់អត្តពលិកមេដាយមាសឯកត្តជនចំនួន ៦.០០០$ (ប្រាំមួយពាន់ដុល្លារអាម៉េរិក), អត្តពលិកមេដាយមាសក្រុម ១០.០០០$ (មួយម៉ឺនដុល្លារអាម៉េរិក) រីឯគ្រូបង្វឹកទទួលបាន ១.០០០$ (មួយពាន់ដុល្លារអាម៉េរិក) ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបាន ១.០០០$ (មួយពាន់ដុល្លារអាម៉េរិក) សម្រាប់មេដាយមាសដែលអត្តពលិកបានឈ្នះ។
ណាហ្គាវើលដ៍នឹងបន្តគាំទ្រដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាក្នុងប្រទេសកម្ពុជាដោយមានកម្មវិធីសហគមន៍ជាច្រើនផ្តួចផ្តើមឡើងដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ណាហ្គាវើលដ៍ក៏បានឧបត្ថម្ភដោយផ្ទាល់ដល់ក្រុមជម្រើសជាតិ និងការរៀបចំការប្រកួតបាល់ទាត់ កីឡាតេន្នីស ឃីកបុកស៊ីង បាល់ឱប បាល់ទះ ក្បាច់គុនចម្រុះ និងការប្រកួតជាច្រើនទៀតផងដែរ។ ការចូលរួមទាំងនេះ បានជួយបង្កើនគុណភាពនៃការប្រកួតលក្ខណៈជាតិ តំបន់ និងអន្តរជាតិឲ្យកាន់តែខ្លាំងមួយកម្រិតទៀតដល់អត្តពលិករបស់ព្រះរាជាណាចក្រកម្ពុជា។
ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៥៤.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ៕