Awer Mabil បានចាត់ទុកការស៊ុតបាល់១១ម៉ែត្រជ័យជម្នះសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអូស្ដ្រាលី ជាការថ្លែងអំណរគុណដល់ប្រទេសនេះ សម្រាប់ការទទួលយកក្រុមគ្រួសាររបស់គេ ដែលបានភៀសខ្លួនពីប្រទេសស៊ូដង់។
កីឡាករវ័យ២៦ឆ្នាំរូបនេះ ស៊ុតបាល់១១ម៉ែត្រទី៦ឱ្យក្រុមអូស្ដ្រាលីទល់នឹងប៉េរូ មុនពេលអ្នកចាំទី Andrew Redmayne សង្គ្រោះពីការស៊ុតចុងក្រោយ របស់កីឡាករក្រុមមកពីអាមេរិកឡាទីន។
ជ័យជម្នះ ៥-៤ ពីការស៊ុតប៉េណាល់ទីកាត់សេចក្ដី បានជួយឱ្យអូស្ដ្រាលី ទទួលបានឱកាសឆ្លងទៅលេងជុំចុងក្រោយ World Cup ៥លើកជាប់គ្នា ហើយ ខ្សែប្រយុទ្ធ Mabil បានដល់គោលដៅដ៏គួរឱ្យចងចាំបំផុតមួយ ក្នុងជីវិតរបស់ខ្លួន ពីជនភៀសខ្លួនក្នុងជំរុំនៅកេនយ៉ា មកក្លាយជាកីឡាករដែលរួមចំណែកជួយក្រុមជម្រើសជាតិមួយបានចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
ខ្សែប្រយុទ្ធរូបនេះបាននិយាយថា៖ “ខ្ញុំដឹងថា ខ្ញុំនឹងស៊ុតចូលទី។ វាជាមធ្យោបាយតែមួយគត់ ដើម្បីអរគុណទៅដល់អូស្ដ្រាលី ជំនួសមុខឱ្យក្រុមគ្រួសាររបស់ខ្ញុំ”។