ប្រធានក្លិប Real Valladolid លោក Ronaldo Nazario កំពុងស្រមៃចង់នាំយកកីឡាករល្បីឈ្មោះ២រូបមកចូលរួមក្លិបរបស់ខ្លួនក្នុងរដូវក្ដៅ២០២២នេះ គឺ Marcelo និង Dani Alves ដែលកំពុងទំនេរមិនទាន់មានក្លិប ក្រោយចាកចេញពី Real Madrid និង Barcelona រៀងៗខ្លួន។
អតីតខ្សែប្រយុទ្ធឆ្នើមប្រេស៊ីលវ័យ៤៥ឆ្នាំ Ronaldo នឹងព្យាយាមទាញផលចំណេញពីទំនាក់ទំនងល្អរបស់លោកដើម្បីបញ្ចុះបញ្ចូលឱ្យខ្សែការពារប្រេស៊ីលទាំង២ខាងលើមកចូលរួមក្លិប Valladolid ដែលទើបឈ្នះការដំឡើងពីលីគ២មកក្របខណ្ឌ La Liga។
យោងតាមសារព័ត៌មានប្រេស៊ីល UOL Esporte និងផ្សាយបន្តដោយសារព័ត៌មានអេស្ប៉ាញ Marca ឱ្យដឹងថា Ronaldo កំពុងចង់បានខ្សែការពារស្លាប២នាក់ខាងលើដែលនឹងជួយបង្កើនកេរ្តិ៍ឈ្មោះក្លិប Valladolid ផង និងជួយពង្រឹងគុណភាពក្រុមលើទីលានផង។
ប្រភពដដែលបន្ថែមថា ប្រាក់ខែរបស់អ្នកទាំងពីរមិនមែនជាបញ្ហាសម្រាប់ Valladolid ទេ។ ប៉ុន្តែទោះបីយ៉ាងណា វាមិនមែនជាការងារងាយស្រួលនោះឡើយក្នុងការនាំ Marcelo និង Alves មកចូលរួមក្លិបមួយនេះ។
ក្រោយរួមរស់ជាមួយ Real Madrid រយៈពេល១៦ឆ្នាំនិងក្លាយជាកីឡាករឈ្នះពានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិបយក្សអេស្ប៉ាញមួយនេះ Marcelo ឥឡូវកំពុងនៅជា free-agent ខណៈក្លិបអឺរ៉ុបមួយចំនួនបានចូលខ្លួនមកចែចូវរួចទៅហើយ ក្នុងនោះមានទាំង AC Milan ដែលទើបលើកពាន Serie A ជាលើកដំបូងក្នុងពេល១១ឆ្នាំផងដែរ។
រីឯ Dani Alves វិញ ដែលទើបចែកផ្លូវពី Barcelona ជាលើកទី២ ក៏កំពុងស្ថិតក្នុងរ៉ាដារបស់ក្លិបមួយចំនួនដែរ រួមទាំងក្លិប Flamengo របស់ប្រេស៊ីល។
Marcelo វ័យ៣៤ឆ្នាំ និង Alves វ័យ៣៩ឆ្នាំ ជាខ្សែការពារស្លាបដ៏ជោគជ័យបំផុតក្នុងអាជីពក្លិប និងត្រូវបានចាត់ទុកជាកីឡាករល្អបំផុតក្នុងតួនាទីការពារស្លាបឆ្វេងនិងការពារស្លាបស្ដាំ កាលពួកគេនៅពេញល្អ។
ពួកគេចង់បន្តលេងបាល់អាជីពក្នុងកម្រិតល្អមួយតាមដែលអាចធ្វើទៅបាន ដើម្បីរក្សាក្ដីសង្ឃឹមក្នុងការជាប់ជម្រើសជាតិប្រេស៊ីលទៅ FIFA World Cup Qatar 2022។
La Liga រដូវកាល២០២២-២៣ នៅសល់ច្រើនសប្ដាហ៍ទៀតមុនចាប់ផ្ដើម ប៉ុន្តែ Real Valladolid កំពុងខ្នះខ្នែងដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មីនៃលីគកំពូលអេស្ប៉ាញ។ ក្រុមនេះបានធ្លាក់ពី La Liga នៅដំណាច់ដូវកាល២០២០-២១ តែបានឈ្នះការដំឡើងមក La Liga វិញនៅដំណាច់រដូវកាល២០២១-២២៕
ប្រភព៖ Marca