Skip to content
ក្រោយរបួស ACL ប្រធានក្លិប ISI ផ្ញើសារដ៏មានសារសំខាន់ដែលកីឡាករនិងទស្សនិកជនមិនគួររំលង
    ទំព័រដើម  »  កីឡាជាតិ

ក្រោយរបួស ACL ប្រធានក្លិប ISI ផ្ញើសារដ៏មានសារសំខាន់ដែលកីឡាករនិងទស្សនិកជនមិនគួររំលង

លោក កាំង សេន ដែលជាប្រធានក្លិបនិងជាកីឡាករ អាយ.អេស.អាយ ដង្កោសែនជ័យ បានរងរបួសដាច់សរសៃពួរជង្គង់ ACL អំឡុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុម ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២២។

របួស ACL ជង្គង់នេះជារបួសធ្ងន់បំផុតមួយសម្រាប់កីឡាករអាជីព ដ្បិតវា​ទាមទារ​រយៈ​ពេល​យូរ​​ដើម្បី​ព្យាបាល ហើយ​ជួន​កាល​អាច​ឈាន​ដល់​ការ​បញ្ចប់​អាជីព​របស់​កីឡាករ​ថែម​ទៀត​ផង​។ វា​ជា​របួស​ដែល​កីឡាករ​ទាំង​អស់​មិន​ចង់​ជួប​ ប៉ុន្តែ​វា​បាន​កើតឡើង​ជា​រឿយ​ៗ​ចំពោះ​កីឡាករ​​បាល់ទាត់​ ហើយ​​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កញ្ញា​កន្លង​ទៅ របួស​នេះ​បាន​កើត​ឡើង​ចំពោះ​លោក កាំង សេន​។

ក្រោយ​រង​របួស លោក សេន ដែល​ជា​អ្នក​ស្រឡាញ់​កីឡា​បាល់ទាត់ដ៏​ខ្លាំង​ក្លា​ម្នាក់ ហើយ​បច្ចុប្បន្ន​បាន​សម្រេច​ក្ដី​ស្រមៃ​ក្នុង​ការ​​មាន​ឈ្មោះ​ជា​កីឡាករ​ក្នុង​លីគ​អាជីព​កម្ពុជា​មួយ​រូប និងជា​ប្រធាន​ក្លិប​ អាយ. អេស. អាយ ដង្កោ​សែនជ័យ បាន​បង្ហោះ​សារ​ដ៏​មាន​អត្ថន័យ​ដែល​កីឡាករ​ដទៃ​រួម​ទាំង​ទស្សនិកជន​អាច​យក​ទៅ​ពិចារណា​ដើម្បី​បាន​ជា​ប្រយោជន៍​។

តាម​រយៈ​សារ​​បង្ហោះ​ដោយ​ទំព័រ Fan Club របស់ អាយ.អេស.អាយ ដង្កោសែនជ័យ លោក កាំង សេន បាន​សរសេរ​​ជា​ភាសា​អង់គ្លេស ហើយ AMS Sports សូមប្រែ​សម្រួល​ជា​ខេមរភាសាដូចខាងក្រោមនេះ​៖

ការឈឺចាប់របស់អត្តពលិក

-តើត្រូវការប្រើពេលប៉ុន្មានសម្រាប់​មនុស្ស​គ្រប់​វ័យ​ក្នុងការ​ប្រែក្លាយ​រាងកាយ​របស់​ខ្លួន​ទៅ​ជា​រាង​អត្តពលិក​ម្នាក់? គឺត្រូវការពេល០១ឆ្នាំ។

-តើរាងកាយមនុស្សម្នាក់ត្រូវការបញ្ចេញញើសប៉ុន្មានលីត្រទម្រាំអាចឱ្យរាងកាយរួចរាល់សម្រាប់ការប្រកួតមួយរយៈពេល៩០នាទី?។ គឺត្រូវការបញ្ចេញញើស១០០០លីត្រ។

-តើស្បែករបស់មនុស្សម្នាក់ត្រូវការទទួលរងកម្ដៅព្រះអាទិត្យប៉ុន្មានម៉ោងទើបស៊ាំនឹងកម្ដៅដ៏ក្ដៅនៅថ្ងៃប្រកួតបាន? គឺត្រូវការនៅក្រោមកម្ដៅព្រះអាទិត្យ១០០០ម៉ោង។

-តើសាច់ដុំត្រូវការហ្វឹកហាត់ជាប្រចាំច្រើនដងប៉ុណ្ណាដើម្បីអាចរួចរាល់សម្រាប់ការប្រកួតមួយដ៏ស្វិតស្វាញបាន? គឺត្រូវហាត់ដដែលៗ១០០,០០០ដង។

-ប៉ុន្តែតើត្រូវការកម្លាំងប៉ុណ្ណាដើម្បីធ្វើឱ្យដាច់សរសៃពួរជង្គង់ ACL បាន? គឺគ្រាន់តែធ្វើចលនាខុសតែបន្តិចប៉ុណ្ណោះ ធ្វើឱ្យដាច់ ACL បាន។

ការឈឺចាប់ខ្លាំងបំផុតរបស់អត្តពលិកគឺមិនមែនជាការបាក់ឆ្អឹង ឬការរហែកសរសៃ​ពួរនោះទេ។ ប៉ុន្តែការឈឺចាប់បំផុតនោះគឺការខកខានឱកាសក្នុងការបង្ហាញគុណផលនៅក្នុងការប្រកួតមួយដែលអត្តពលិកម្នាក់ខំហាត់យ៉ាងខ្លាំងដើម្បីត្រៀម។ ទោះជាយ៉ាងណាក៏ដោយ ចិត្តរបស់អត្តពលិកត្រូវតែយកឈ្នះឱ្យបានលើឧបសគ្គ និង​ធ្វើឱ្យមាន​សេចក្ដីរីករាយកាន់តែខ្លាំងជាងមុន​នៅ​ពេល​ត្រលប់មកវិញ​ជាថ្មី។

ដូច្នេះតើវាត្រូវការពេលប៉ុន្មានសម្រាប់អត្តពលិកម្នាក់ដើម្បីរះឡើងនៅក្នុងចំណោមអត្តពលិកឆ្នើមៗ? គឺអាច ១ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ ឬ ១០ឆ្នាំឯណោះ ប៉ុន្តែ​ក្ដីស្រមៃរបស់យើងមិនត្រូវ​ថមថយចុះឡើយ។

តាមរយៈសារមួយនេះរបស់លោក កាំង សេន អាចឱ្យកីឡាករ​និងទស្សនិកជនកាន់តែយល់ច្បាស់ថាទម្រាំក្លាយខ្លួនជាកីឡាករអាជីពម្នាក់ ទាមទារការលះបង់ ស៊ូទ្រាំយ៉ាងណាខ្លះ, ទម្រាំទទួលបានការដាក់ឱ្យចូលលេងក្នុងជម្រើស១១នាក់ដំបូង ទាមទារឱ្យមានការខំប្រឹងប្រែងយ៉ាងណាខ្លះ ហើយទម្រាំមានឈ្មោះល្បីល្បាញទៅបាន ទាមទារការអត់ធ្មត់ ព្យាយាមមិនបោះបង់ដូចម្ដេចខ្លះ៕