Bruno Fernandes បានសារភាពថាខ្លួនពិតជាខឹងនៅពេលដែលមិនបានផ្លាស់ទៅចូលរួមជាមួយក្លិបមួយនៅ Premier League មុនពេលសម្រេចក្តីស្រមៃទៅចូលរួមជាមួយ Manchester United។
កីឡាករសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes បានចាកចេញពី Sporting Lisbon ទៅចូលរួមជាមួយ Manchester United កាលពីខែមករា ឆ្នាំ2020 ជាមួយតម្លៃខ្លួន៦៧លានផោន។
Bruno បានវិវត្តខ្លួនយ៉ាងឆាប់រហ័សដោយក្លាយជាកីឡាករសំខាន់ក្នុងក្រុមរបស់ Man Utd និងជាកីឡាករដ៏មានឥទ្ធិពលបំផុតម្នាក់ក្នុងក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន 37 គ្រាប់និង Assists បាន 26 លើកក្នុងការបង្ហាញខ្លួន 93 លើក។
ប៉ុន្តែអ្វីៗអាចនឹងផ្ទុយស្រឡះដោយ Bruno បានបង្ហើបឲ្យដឹងថាគេមានការខកចិត្តដែលបានបាត់បងឱកាសទៅកាន់ Tottenham Hotspur មុនពេលរូបគេចុះកិច្ចសន្យាជាមួយ Manchester United។ Spurs បានព្យាយាមតាមទិញរូបគេកាលពីអំឡុងពេលលោក Mauricio Pochettino ជាគ្រូបង្វឹកប៉ុន្តែបែរជាត្រូវក្លិប Sporting Lisbon បដិសេធសំណើនោះទៅវិញដែលធ្វើឲ្យខ្សែបម្រើរូបនេះខឹងជាខ្លាំង។យ៉ាងណាមិញកំហឹងរបស់គេក៏បានបាត់ទៅវិញទាំងស្រុងបន្ទាប់ពីបានចុះហត្ថលេខាចូលរួមជាមួយក្លិបបិសាចក្រហម។
រូបគេបានប្រាប់ The Athletic ថា៖ “ជាក់ស្តែងខ្ញុំចង់ទៅ Premier League គ្រូបង្វឹក Mauricio Pochettino ជាអ្នកចង់យករូបខ្ញុំទៅទីនោះ។វាគឺជាសំណើដ៏ល្អប៉ុន្តែ Sporting បានព្យាយាមក្នុងការរក្សាទុកខ្ញុំ។ប្រធានក្លិបលោក Frederico Varandas បានមកនិយាយជាមួយខ្ញុំប៉ុន្តែនិយាយខុសថ្ងៃដោយនៅពេលរូបលោកមកនិយាយគឺក្លិបបានបដិសេធសំណើររបស់ Spurs រួចទៅហើយ។ខ្ញុំពិតជាខឹងខ្លាំងមែនទែនប៉ុន្តែជាសំណាងដែលមានគ្រូបង្វឹក Marcel Keizer បាននិយាយណែនាំឲ្យរូបខ្ញុំមានអារម្មណ៍ល្អឡើងវិញ។បន្ទាប់មកនៅដើមខែមករាភ្នាក់ងាររបស់ខ្ញុំបាននិយាយថា “អ្នកមិនចាំបាច់បារម្ភទេខ្ញុំនឹងនាំអ្នកទៅកាន់ក្លិបក្នុងក្តីស្រមៃរបស់អ្នក។”ភ្នាក់ងាររបស់ខ្ញុំដឹងថាខ្ញុំចង់ទៅលេងនៅ Man United។”
ខ្សែបម្រើវ័យ 28 ឆ្នាំរូបនេះនិយាយថាអតីតគ្រូបង្វឹកក្រុម Manchester United លោក Ole Gunnar Solskjaer បានសម្រេចចិត្តចុះហត្ថលេខាលើរូបគេ បន្ទាប់ពីបានមើលការបរាជ័យ 2-1 របស់ Sporting Lisbon ក្រោមថ្វីជើងក្រុម Porto ក្នុងខែមករា ឆ្នាំ 2020។
កីឡាករនាំលេងរបស់ព័រទុយហ្គាល់រូបនេះបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍កាលពីប៉ះ Porto ហើយរូបគេក៏សង្ឃឹមថា Man Utd នឹងមើលឃើញរូបគេ។
Bruno បានបន្ថែមថា៖ “Ole គឺជាផ្នែកមួយដ៏ធំដែលនាំខ្ញុំទៅកាន់ទឹកដី Old Trafford គ្រូបង្វឹករូបនេះបានទៅមើលការប្រកួតរបស់ខ្ញុំ។រូបលោកបានឃើញខ្ញុំតវ៉ាច្រើនក្នុងការប្រកួតជាមួយ Porto មិនថាតវ៉ាជាមួយកីឡាករនិងអាជ្ញាកណ្តាល។ខ្ញុំតែងតវ៉ាជាមួយនឹងកីឡាករណាដែលតែងតែមកប្រឆាំងនឹងខ្ញុំហើយ Ole បានឃើញថាខ្ញុំលេងជាមួយនឹងទឹកចិត្តមោះមុតនិងអង់អាចហើយរឿងនេះបានជួយឲ្យរូបលោកចុះកុងត្រាយករូបខ្ញុំ។នៅថ្ងៃដំបូងរូបលោកបាននិយាយប្រាប់ខ្ញុំថា”ត្រូវធ្វើអ្វីជាខ្លួនងឯ ខ្ញុំដឹងថាអ្នកមានសម្ថភាពជាមួយនឹងការលេងបាល់ប៉ុន្តែខ្ញុំក៏ចង់ឲ្យអ្នកក្លាយជាអ្នកដឹកនាំដូចដែលអ្នកធ្លាប់លេងនៅ Sporting ផងដែរ”។