បើតាមសម្តីរបស់លោក Thomas Frank អ្នកចាត់ការទូទៅរបស់ Brentford បានឲ្យដឹងថា Arsenal គឺជាក្រុមដែលមានសង្ឃឹមខ្ពស់ក្នុងការប្រជែងយកពាន Premier League រដូវកាល 2022-2023 នេះ។
Brentford របស់ Thomas Frank បានប្រកួតចាញ់ Arsenal 3-0 កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា កន្លងទៅខណៈដែលក្រុមរបស់ Mikel Arteta បច្ចុប្បន្នកំពុងឈរនៅកំពូលតារាង Premier League ដោយនាំមុខ១ពិន្ទុលើក្រុមជើងឯកឆ្នាំចាស់ Manchester City និង Tottenham Hotspur ដែលស្ថិតនៅលេខរៀងទី២និងទី៣ ។
កាំភ្លើងធំ Arsenal បានប្រកួតឈ្នះ6ដងក្នុងចំណោម7ប្រកួតនៅ Premier League រដូវកាលនេះដោយចាញ់តែម្តងប៉ុណ្ណោះកាលពីប៉ះ Manchester United។
គ្រូបង្វឹករបស់ក្រុម Brentford បាននិយាយថា៖ “Arsenal គឺជាក្រុមដែលធ្វើបានល្អមែនទែនក្នុងរយៈពេល៦សប្ដាហ៍ដំបូង។ខ្ញុំគិតថាពួកគេពិតជាគួរឲ្យកត់សម្គាល់ជាពិសេសភាពស៊ីចង្វាក់របស់ក្រុមទាំងមូល។ខ្ញុំបានមើលការប្រកួតជាច្រើនរបស់ពួកគេប៉ុន្តែការប្រកួតបើកឆាកដំបូងជាមួយ Crystal Palace Arsenal បានស្ថិតនៅកម្រិតមួយផ្សេងទៀត។សម្រាប់២០នាទីដំបូង Palace មិនបានប៉ះបាល់ទេហើយខ្ញុំគិតថាពួកគេអាចឈ្នះ Premier League។ឥឡូវនេះបន្ទាប់ពី Manchester City ពួកគេគឺជាក្រុមដែលលេងបានល្អបំផុតនៅក្នុងលីគ”។
កាលពីរដូវកាល 2021-2022 Arsenal បានបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេង៥ប៉ុណ្ណោះនៅ Premier League។ប៉ុន្តែភាពល្អប្រសើរបានកើតមានឡើងសម្រាប់ Arsenal ក្នុងរដូវកាលថ្មី 2022-23 បន្ទាប់ពីមានការនាំចូលកីឡាករចំណូលថ្មីដូចជា៖ Gabriel Jesus, Oleksandr Zinchenko, Fabio Vieira, Marquinhos និង Matt Turner ចំណែក William Saliba ដែលត្រូវបាន Marseille ខ្ចីកាលពីរដូវកាលមុនក៏បានបង្ហាញខ្លួនជារឿយៗចាត់តាំងតែពីត្រឡប់មកចូលរួមជាមួយ Arsenal វិញផងដែរ។