ការប្រកួតបាល់ទះ ដណ្តើមពានរង្វាន់ លោក ឧត្តសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លេីកទី២ ឆ្នាំ ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី១១ ខែមីនា។
លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងខេត្តតាកែវ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រកួត មានប្រសាសន៍ថា គោលបំណងនៃការរៀបចំការប្រកួតនេះ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡា កាន់តែផុសផុល ជាពិសេសបាល់ទះដែលជាកីឡាដ៏សម្បូរប្រជាប្រិយភាពមួយដែរក្នុងចង្កោមអ្នកទស្សនានៅកម្ពុជា។ ការប្រកួតនេះក៏ចង់ញុំាងឲ្យអ្នកលេងបាល់ទះដែលមានបំណងចង់ក្លាយជាកីឡាករអាជីព ចេះប្រកាន់ខ្ជាប់នូវការលេងតាមស្តង់ដារត្រឹមត្រូវ ដើម្បីជាគ្រឹះក្នុងការវិវឌ្ឍខ្លួនបានល្អ។ មិនតែប៉ុណ្ណោះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ផងដែរ។
ការប្រកួតទាំងអស់ដំណើរការនៅផ្ទះសំណាក់គ្រូបង្រៀន ខណៈទីលានក៏នឹងត្រូវបានរៀបចំកាន់តែស្ដង់ដាជាងមុន។ សម្រាប់ក្រុមចូលរួមសុទ្ធតែជាក្រុមមហាជនក្នុងខេត្តដែលមានបុគ្គលិកមន្ទីរជុំវិញខេត្ត គ្រប់អង្គភាព និង ស្ថាប័នឯកជននានា។
ក្រុមជយលាភីលេខ ១ នឹងទទួលបានពានរង្វាន់មួយនិងមេដាយមាស រួមជាមួយប្រាក់រង្វាន់ ចំនួន ៤លានរៀន ចំណាក់ថ្នាក់លេខ ២ ទទួលបានមេដាយប្រាក់ និងថវិកាចំនួន ២លាន៥សែនរៀល ចំណាក់ថ្នាក់លេខ ៣ ទទួលបានមេដាយសំរឹទ្ធ រួមជាមួយថវិកាចំនួន ១លាន៥សែនរៀល និងចំណាក់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។
ក្រុមដែលបានដាក់ពាក្យចូលរួមប្រកួតគិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ នេះមាន ៖
- ក្រុមសាលាក្រុងដូនកែវ
- ក្រុមខែម ប្រ៊ីជមេឌៀ (ក្រុងដូនកែវ)
- ក្រុមវិទ្យាល័យព្រៃទប់ (ស្រុកទ្រាំង)
- ក្រុមយុវជនវត្តក្រាំងធំ (ស្រុកទ្រាំង)
- ក្រុមធនាគារហត្ថា (ក្រុងដូនកែវ)
- ក្រុមអធិការដ្ឋាននគរបាលស្រុកបូរីជលសារ
- ក្រុមអធិការដ្ឋាននគរបាលស្រុកអង្គរបូរី
- ក្រុមអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស
- ក្រុមអធិការដ្ឋាននគរបាលក្រុងដូនកែវ
- ក្រុមធនាគារអេប៊ីអេសាខាតាកែវ
- ក្រុម សសយក ខេត្តតាកែវ
- ក្រុមអធិការដ្ឋាននគរបាលស្រុកបាទី (ត្រៀម)
គណៈកម្មការនឹងឈប់ទទួលពាក្យនៅថ្ងៃទី២៨ ខែកុម្ភៈ៕