Skip to content
ក្រុម E Sports កម្ពុជាបានលេខ៣ប្រកួត MLBB នៅអារ៉ាប៊ីសាអ៊ូឌីត
    ទំព័រដើម  »  កីឡាជាតិ

ក្រុម E Sports កម្ពុជាបានលេខ៣ប្រកួត MLBB នៅអារ៉ាប៊ីសាអ៊ូឌីត

ក្រុម​កីឡា​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា​សម្រាប់វិញ្ញាសា​ MLBB ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ព្រឹត្តិការណ៍​ប្រកួត IESF Gamers8 Asian Championship ឆ្នាំ​២០២៣​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ការ​ប្រកួត​ដែល​ធ្វើ​នៅ​ទី​ក្រុង​ Riyadh ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ចាប់​ពី​ថ្ងៃ​ទី​៨ ដល់ទី១៤ ខែកក្កដា​នេះ មាន​ក្រុមជម្រើស​ជាតិ​ចំនួន​៨​ចូល​រួម​ប្រកួត​សម្រាប់​វិញ្ញាសា MLBB នេះ។ ចំពោះ​​ក្រុម​អ្នក​ចម្បាំង​អង្គរ​ប្រកួត​​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ A បាន​​ឈ្នះ​​ជម្រើស​ជាតិ​អារ៉ាប៊រួម ដោយ​លទ្ធផល ២-០ ហើយ​ការ​ប្រកួត​ទី​២​បាន​ចាញ់​ម៉ុងហ្គោល់ ០-២ ប៉ុន្តែ​ប្រកួត​ទី៣​​បាន​យក​ឈ្នះជម្រើស​ជាតិ​នេប៉ាល់ ២-០ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​នៅ​ក្នុង​ពូល A។

នៅ​វគ្គ​ខ្វែង Upper Bracket ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាញ់ដោយ​លទ្ធផល​ ០-២ ក្រោម​ស្នាក់​ដៃ​​ជម្រើស​ជាតិ​ ហ្វីលីពីន។ បន្ទាប់មក ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​ឈ្នះ​កាហ្សាក់ស្ថាន​នៅ​វគ្គ ​Lower Bracket ដោយ​លទ្ធផល ២-០ ដើម្បី​​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​​វគ្គ​នេះ​​​ក្រុម​កម្ពុជា​បាន​ចាញ់​ម៉ុងហ្គោល ១-២ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​២ពាន់​ដុល្លារអាមេរិក។

ចំណែក ហ្វីលីពីន​បាន​ក្លាយ​ជា​ជើង​ឯក​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​៧​ពាន់​ដុល្លារ​អាមេរិក បន្ទាប់​ពី​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ៣-០ លើ​ម៉ុងហ្គោលី ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ​ដែល​ទទួល​បាន​​ប្រាក់​រង្វាន់ ៣,៥​ពាន់​ដុល្លារ​អាមេរិក។

សម្រាប់​ព្រឹត្តិការណ៍​ប្រកួត IESF Gamers8 Asian Championship ឆ្នាំ​២០២៣​នេះ​គឺ​ជាផ្នែក​មួយ​នៃ​វគ្គ​ជម្រុះ​ជម្រើស​ជាតិ​ប្រចាំ​តំបន់​អាស៊ី​ដើម្បី​ជ្រើស​រើស​យក​៥​ក្រុម​ទៅ​ព្រឹត្តិការណ៍​ប្រកួតពិភព​លោក​លើក​ទី​១៥ (15th WE Championship) នៅ​ប្រទេស​រ៉ូម៉ានី នា​ចុង​ខែ​សីហា​ខាង​មុខ។ ​

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​កក់កៅអី​ទៅ​ 15th WE Championship ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម៥​មាន​ដូច​ជា ហ្វីលីពីន ម៉ុងហ្គោលី កាហ្សាក់ស្ថាន និង​ក្រុម​ម្ចាស់​ផ្ទះ​អារ៉ាប៊ីសាអ៊ូឌីត (លេខ៣​ល្អ​បំផុត​​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល)។

សូម​បញ្ជាក់​ថា សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​បញ្ជូន​កីឡាករ​៥​រូប និង​គ្រូ​បង្វឹក​១​រូប ដែល​ដឹក​នាំ​ដោយ​លោក ជាន ចាន់រ៉ា អគ្គលេខាធិការ​​​រង​សហព័ន្ធ​​ដើម្បី​ចូលរួម​ប្រកួត IESF Gamers8 Asian Championship កាល​ពី​ថ្ងៃ​ទី​៨ ដល់​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​ទី​ក្រុង​ Riyadh ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

នៅ​ចុង​ខែ​សីហា​ខាង​មុខ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អ្នក​ចម្បាំង​អង្គរ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រ៉ូម៉ានី​ដើម្បី​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ពិភព​លោក​លើក​ទី​១៥៕