Skip to content
គ្រូបង្គោលក្រុមភ្នំពេញក្រោននិយាយពីកីឡាករសំខាន់ៗរបស់ខ្លួនដែលមិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជា
    ទំព័រដើម  »  កីឡាជាតិ

គ្រូបង្គោលក្រុមភ្នំពេញក្រោននិយាយពីកីឡាករសំខាន់ៗរបស់ខ្លួនដែលមិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជា

លោក Oleg Starynskyi គ្រូបង្គោលក្រុមភ្នំពេញក្រោន បាននិយាយជុំវិញកីឡាករសំខាន់ៗមួយចំនួនរបស់ខ្លួន ដែលមិនមានឈ្មោះក្នុងបញ្ជីបឋមក្នុងក្រុមជម្រើសជាតិកម្ពុជាដែលត្រៀមធ្វើការប្រកួត FIFA World Cup វគ្គជម្រុះជុំទី១នេះថានេះជាការសម្រេចចិត្តរបស់គ្រូក្រុមជម្រើសជាតិកម្ពុជាក្នុងការជ្រើសរើសកីឡាករតែអ្វីដែលសំខាន់គឺទំនួលខុសត្រូវចំពោះលទ្ធផលទៅលើការសម្រចចិត្តនោះ។ លោកថ្លែងបែបនេះក្នុងសន្និសីទសារព័ត៏មាននៅថ្ងៃទី០៤ខែ តុលា ឆ្នាំ២០២៣ មុនជំនួបលើកទី២ ក្នុងពូលF នៃពានរង្វាន់ AFC Cup 2023/2024 ជាមួយក្រុម Shan United មកពីមីយ៉ាន់ម៉ា។


“ខ្ញុំមិនមែនជាគ្រូជម្រើសជាតិ ប៉ុន្តែខ្ញុំគិតថាការជ្រើសរើសកីឡាករជាទំនួលខុសត្រូវរបស់គាត់ ហើយគាត់នឹងមានទំនួលខុសត្រូវសម្រាប់ការប្រកួតនោះ ក៏ដូចជាការជ្រើសរើសនេះផងដែរ បើសិនជាឈ្នះការប្រកួត នោះនឹងមិនមានសម្ពាធអ្វីនោះទេ តែបើលទ្ធផលមិនបានល្អ នោះត្រូវតែមានទំនួលខុសត្រូវ។ “

លោកបន្តទៀតថា “ជុំវិញការជ្រើសរើសកីឡាករនេះ ខ្ញុំគិតថាពួកយើងមានកីឡាករល្អៗច្រើនហើយខ្ញុំយល់អំពីអារម្មណ៍កីឡាករដែលចង់លេងតំណាងឱ្យជាតិ ហើយអ្វីដែលខ្ញុំចង់លើកទឹកចិត្តដល់កូនក្រុមរបស់ខ្ញុំគឺត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត នៅលើទីលាន ហើយបើសិនជាអត់បានជាប់ជម្រើសជាតិ ចង់ឱ្យកីឡាករផ្ដោតអារម្មណ៍ជាមួយក្រុមក្នុងពានរង្វាន់AFC Cup និងប្រកួតនៅក្នុងលីគ។ “

គួរឱ្យដឹងផងដែរថា ក្រុមជម្រើសជាតិកម្ពុជាបានប្រមូលផ្ដុំហ្វឹកហាត់ ក្នុងត្រៀមការប្រកួតពានរង្វាន់ FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ ជាមួយក្រុមជម្រើសជាតិ Pakistan ដែលជើងទី១ធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក និង ជើងទី២ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។