ក្រុមអត្តពលិកចំបាប់កម្ពុជាបានបញ្ចប់ការប្រកួតរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅក្រុងហាងចូវ ប្រទេសចិនហើយ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ នេះ តែមិនមាននរណាទទួលបានមេដាយទេ។
យ៉ាងណា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍បានថ្លែងថា “៖ កីឡាចំបាប់បានបញ្ចប់ហើយសម្រាប់ក្រុមកម្ពុជា។ កម្ពុជាជាប្រទេសតែមួយគត់មកពីអាស៊ីអាគ្នេយ៍ដែលឈ្នះការប្រកួតក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ ២០២៣។ ប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍មិនបានឈ្នះមួយប្រកួតឡើយ សូម្បីតែវៀតណាមក៏ដោយ។ អ្នកឈ្នះភាគច្រើនគឺមកពីប្រទេសអាស៊ីកណ្តាលដូចជា កាហ្សាក់ស្ថាន ម៉ុងហ្គោលី អ៊ីរ៉ង់។”
ចំណែកឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា មានប្រសាសន៍ថា ក្រុមអត្តពលិកចំបាប់កម្ពុជា មានសន្ទុះបច្ចេកទេស កម្លាំងកាយបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសគឺមានការប្រកួតជាមួយអត្តពលិកខ្លាំងៗក្នុងអាស៊ី ក៏បានល្អប្រសើរដែរ។
គួរដឹងដែរថា កីឡាករ ស៊ូ បាលី បានឈ្នះការប្រកួតវគ្គ១៦នាក់ចុងក្រោយ វិញ្ញាសាសេរី ទម្ងន់១២៥គីឡូក្រាម ក្រោយច្បាមជ័យជម្នះលើកីឡាករនេប៉ាល់ ដោយលទ្ធផល១០ទល់នឹង០ តែបានចាញ់កីឡាករកាហ្សាក់ស្ថានក្នុងវគ្គ៨នាក់ចុងក្រោយ។
ទន្ទឹមនឹងនេះ កីឡាករ កែវ សុ ភ័ក្រ្ដ ទទួលបានចំណាត់ថ្នាក់លេខ៥ក្នុងទម្ងន់៧៧គីឡូក្រាម Greco Roman៕