កីឡាករ Privat Mbarga មិនមានឈ្មោះជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតជើងទី២ ក៏ពិតមែនប៉ុន្តែក្រោយបានចូលរួមហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ខ្សែប្រយុទ្ធមានដើមកំណើត កាម៉េរូន បានលើកឡើងថា ៖ ខ្ញុំពិតជាសប្បាយចិត្តដែលបានក្លាយជាពលរដ្ឋកម្ពុជា ហើយក៏សប្បាយចិត្តពេលដែលបានចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ព្រោះវាជាលើកទីមួយ ដែលខ្ញុំបានមានឈ្មោះជាមួយក្រុមជម្រើសជាតិ។
អតីតខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង បន្តថា សម្រាប់ខ្ញុំគឺនឹងព្យាយាមបង្ហាញនូវរាល់សម្ថភាពដែលខ្ញុំមានទាំងអស់ ហើយទាំងអស់គ្នាដើម្បីកម្ពុជា នឹងរួមគ្នាយើងអាចធ្វើបាន។ សម្រាប់គ្រួសាររបស់ខ្ញុំ គឺគាំទ្រសម្រាប់ការលេងឲ្យកម្ពុជា ពួកគាត់យល់ព្រមជាមួយខ្ញុំដោយក្ដីរីករាយ ហើយខ្ញុំក៏សប្បាយចិត្តដែរ។
ខ្សែប្រយុទ្ធរូបនេះបានបន្ថែមថា ក្នុងចិត្តរបស់ខ្ញុំគឺខ្ញុំស្រលាញ់បាល់ទាត់ ខ្ញុំចង់លេងបាល់ទាត់ ហើយខ្ញុំរស់នៅកម្ពុជាច្រើនឆ្នាំរួចមកហើយ ខ្ញុំសង្ឃឹមថា នឹងអាចរកគ្រាប់បាល់ឱ្យកម្ពុជាបានច្រើន ហើយជួយក្រុមឱ្យកាន់តែល្អប្រសើរ»។
ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Bali United FC រូបនេះមកដល់កម្ពុជាដំបូងនៅឆ្នាំ២០១៣
ដោយចូលរួមជាមួយក្រុមបឹងកេត មុនផ្ទេរទៅកាន់ ក្រុមវេស្ទើន នៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ហើយជើងទី២ បានផ្ទេរទៅក្រុមអង្គរថាយហ្គឺរ ដោយបានបង្ហាញខ្លួនចំនួន ២២លើក រកបាន ១៩គ្រាប់។
នៅចុងឆ្នាំ២០១៦ រូបគេបានផ្ទេរទៅចូលរួមជាមួយក្រុមណាហ្គាវើលដ៍ មុននឹងទៅចូលរួមនៅលីគកំពូលថៃ ជាមួយក្លិប Samut Prakan ដោយត្រលប់មក កម្ពុជា វិញនៅឆ្នាំ ២០១៨ ដល់ឆ្នាំ២០១៩ ជាមួយក្រុមអាស៊ីអឺរ៉ុប (AEU) បង្ហាញខ្លួនបាន ២២លើក រកបាន ២៧គ្រាប់ បន្ទាប់មកនៅចុងឆ្នាំ២០១៩ គេបានចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួននៅលើទីលានបានចំនួន ៦២លើក រកបាន ៧៣គ្រាប់ ក្រោយចំណាយពេលជាមួយព្រះខ័នរាជស្វាយរៀង អស់រយ:ពេលជិត ៣ឆ្នាំ និងបានជួយឲ្យក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជា នៅឆ្នាំ២០១៩ ផងដែរ។
Privat បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបបាល់ទាត់ Bali United Fc សមាជិកលីគកំពូលឥណ្ឌូនេស៊ី ដោយបានបង្ហាញខ្លួនចំនួន ៦៦លើក រកបាន ២២គ្រាប់ មុនបង្ហាញវត្តមានជាសមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ។
គួរដឹងផងដែរថា Privat គឺជាកីឡាករចូលសញ្ជាតិទី២បន្ទាប់ពី Yudai Ogawa ដែលត្រៀមជួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតផ្សេងៗ ក៏ដូចជាត្រៀមសម្រាប់ប្រកួតជម្រុះ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Félix Dalmás។ ខ្សែប្រយុទ្ធដែលជាកីឡាករចូលសញ្ជាតិទី២ របស់កម្ពុជារូបនេះ មានឈ្មោះពេញ Jean Marie Privat Befolo Mbarga មានកម្ពស់ ១,៦៨ម៉ែត្រ កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩២ នៅក្នុងទីក្រុង Douala ប្រទេសកាមេរ៉ូន បច្ចុប្បន្នមាវ័យ ៣១ឆ្នាំ៕